Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលនេសាទសមុទ្រខេត្តកែបប្រមូលបានជាង ៥ពាន់តោននៅឆ្នាំ ២០២១ ខណៈបទល្មើសមាន ៤០ករណី

កែប៖ របាយការណ៍ស្តីពីការងារបូកសរុបសភាពការណ៍ការងារប្រចាំឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប  បានបង្ហាញថា ផលនេសាទសមុទ្រស្រស់ខេត្តកែប ប្រមូលបាន ៥២៤៧តោន ខណៈបទ​ល្មើសជលផល ដែលជំនាញបង្រ្កាបបាន មានចំនួន ៤០ករណី។

បទល្មើសភាគច្រើនដែលរដ្ឋបាលជលផល  ធ្វើការបង្ក្រាបបានរួមមាន ការធ្វើនេសាទរួមផ្សំ ដោយទុយោមុជខ្យល់ចំនួន ០៤ករណី ការបង្ក្រាបដោយរឹបអូសឧបករណ៍ឆក់ត្រីដែលជនល្មើសបាន កាត់ទំលាក់ចោល ចំនួន ០៨ករណី បង្ក្រាបការធ្វើនេសាទលបកន្ទុយកណ្តុរខុសច្បាប់ចំនួន ២២ ករណីឈិបរុញដោយដៃមានភ្ជាប់ឧបករណ៍ឆក់ត្រី ចំនួន ០៣ករណី និងបង្ក្រាបអួនអូសក្នុងតំបន់ទឹករាក់ចំនួន ០២ ករណី។

គ្រឿងសមុទ្រខេត្តកែប ជាមុខម្ហូបដែលត្រូវបានគេស្គាល់ថា មានរស់ជាតិឆ្ងាញ់ ដោយសារតែផ្ទៃសមុទ្រក្នុងខេត្តកែប សម្បូរទៅដោយ ស្មៅសមុទ្រ ដែលជាប្រភពចំណីដ៏សំខាន់ របស់ភាវរស់សមុទ្រទាំងនោះ ដោយក្នុងនោះខេត្តកែប មានកន្លែងអភិរក្សស្មៅសមុទ្រ និងកន្លែងអភិរក្សជលផល នៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកែប១០កន្លែង ដែលមានផ្ទៃដីសរុបរហូតដល់ ៣០៩៥ ហិកតា។ ខេត្តកែបក៏មានធនាគារក្តាមសេះសរុបមាន ចំនួន ០៤កន្លែង ក្នុងឆ្នាំ២០២១ ហើយការប្រមូលក្តាមមេពងដាក់ចូលក្នុងធនាគារ ក្តាមបានចំនួន ៦៧៣គីឡូក្រាម ស្មើនឹង ៧៣៣២មេក្តាម។

គួរបញ្ជាក់ថា បើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានឱ្យដឹងថា ក្តាមសេះ១ក្បាល មានគ្រាប់ពងប្រហែល ១លានគ្រាប់ បើលែងចូលសមុទ្រវិញ វានឹងផ្តល់ក្តាមជំទង់មកវិញប្រហែល ១០០០ក្បាល ហើយបើលែងមេក្តាមពង ១ម៉ឺនក្បាល នោះនឹងផ្តល់ក្តាមជំទង់មកវិញចំនួន ១០លានក្បាល៕

×