ករណីធ្វើរបងរំលោភលើផ្លូវដើររួម ឬបិទផ្លូវលែងឲ្យចេញចូលក្នុងសហគមន៍ ពីសំណាក់អ្នកភូមិមានចិត្តលោភលន់ហួសប្រមាណមួយចំនួន កន្លងៗមក តែងតែបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង។
ដោយឡែក ករណីថ្មីមួយនេះវិញ គឺពិតជាមហាហួសថ្លែង ខណៈដែលបានឃើញផ្ទះដ៏ហាក់មានអំណាចមួយ បានធ្វើរបងបិទផ្លូវ មិនឲ្យអ្នកភូមិអាចដើរឆ្លងកាត់បានទៀតនោះទេ។ នេះបើតាមសារចែករំលែកពីប្រជាពលរដ្ឋជិត បានបញ្ជាក់ប្រាប់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅផ្លូវលេខ៤៦៨ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន ជាផ្លូវសាធារណៈ គឺត្រូវបានបិទរបងជាកម្មសិទ្ធិហើយ។
បើការឲ្យដឹងបន្ថែម ពីប្រជាពលរដ្ឋជិតខាង ផ្លូវនេះ គឺជាផ្លូវសាធារណៈនៅក្នុងផែនទី (ប្លង់គោល) ប៉ុន្តែ ត្រូវបានម្ចាស់ផ្ទះធ្វើរបងជាសកម្មសិទ្ធិ។ សារពីប្រជាពលរដ្ឋបន្តថា វ៉ៃរបងដាក់លូរួចហើយ រៀបរបងបិទវិញ។ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេលសួរនាំ អាជ្ញាធរដែនដីបានប្រាប់ថា នេះជាដីរបស់អ្នកមានអំណាចម្នាក់ ហើយចាត់ទុកជាសំណាងហើយ ដែលគេវ៉ៃរបងឲ្យដាក់លូ។
ក្រោយពីបានឮអាជ្ញាធរឆ្លើយបែបនេះ អ្នកលេងបណ្តាញបានសម្តែងការហួសចិត្តបែបនេះថា៖ ចុមអាជ្ញាធរឆ្លេីយថាដីអ្នកមានអំណាច អុីចឹងមានន័យថា ស្រុកខ្មែរឲ្យតែអ្នកមានអំណាចអាចធ្វេីរបងយកដីសាធារណៈរបស់រដ្ឋ បានស្រេចតែចិត្តមែន? លោកបងអាជ្ញាធ!។ រីឯអ្នកខ្លះទៀត ក៏បានដាក់ឡើងចាក់ដោតថា បើពិតជាអ្នកមានអំណាចមែន គួរតែខ្មាសអ្នកក្រ សូម្បីតែដីផ្លូវក៏ចង់បានដែរ អ្នកមានស្អីយកដីផ្លូវ នេះបានន័យថា ក្រជាងអ្នកក្រទៅទៀត បើគាត់មាន មិនមែនគាត់យកដីផ្លូវទេ។
ជាមួយគ្នានេះផងដែរ ក៏មានប្រជាពលរដ្ឋម្នាក់ បានប្រាប់ឲ្យដឹងថា «នៅខាងខ្ញុំនៅ ក៏អ្នកមានអំណាចបិទផ្លូវអុីចឹងដែរ អាងខ្លូនមានអំណាចបិទផ្លូវមិនអោយប្រជាពរដ្ឋដើរដែរបង»។
តែទោះជាយ៉ាងណា ការធ្វើរបងបិទផ្លូវសាធារណៈជាកម្មសិទ្ធិពីសំណាក់ម្ចាស់ផ្ទះជាអ្នកមានអំណាចនោះ គេក៏មិនដឹងថា បានកើតឡើងតាំងពីយូរ ឬក៏ទើបតែកើតឡើងនោះទេ ខណៈរូបភាពទើបតែត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ៖ លឹមហុង





