ភ្នំពេញ ៖ ដើម្បីបង្កើនទីផ្សារដល់សិល្បករ និងផលិតករខ្មែរ ក្រសួងព័ត៌មានគ្រោង នឹងបញ្ចប់ មិនឲ្យមានការចាក់ស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ដែលសម្តែងដោយតារាបរទេសនៅកញ្ចក់ទូរទស្សន៍នានា។
លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងពិធីបិទមហោស្រពភាពយន្តខ្លី ចតុមុខនៅសាលមហោស្រពចតុមុខ កាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ថា ដើម្បីបង្កើនការងារសម្រាប់ផលិតករ សិល្បករ និងអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្ត ក្រសួងក៏គ្រោងនឹងផ្អាកមិនឲ្យទូរទស្សន៍នានា ចាក់បញ្ចាំងឈុតផ្សព្វផ្សាយពាណិជ្ជកម្មដែលសម្តែងដោយជនបរទេស។ លោករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យភាពយន្តមួយចិញ្ចឹមមនុស្សច្រើនណាស់ ទាំងតារាសម្តែង អ្នកនិពន្ធ អ្នកដឹកនាំសម្តែងជាដើម។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានស្ថានីយទូរទស្សន៍ចំនួន២០ស្ថានីយ ហើយកន្លងមក យើងក៏កំណត់ឲ្យបណ្តាស្ថានីយទូរទស្សន៍ទាំងអស់ចាក់ផ្សាយកម្មវិធីឬភាពយន្តខ្មែរក្នុងម៉ោងមាស ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩យប់។
ក្រសួងនឹងដាក់បំរាមការផ្សាយពាណិជ្ជកម្មដែលមានតារាបរទេស ឬផលិតដោយជនបរទេសផ្សព្វផ្សាយ លើកញ្ចក់ទូរទស្សន៍នោះទេ គឺត្រូវតែយកតារាសម្តែងខ្មែរ ផលិតករខ្មែរ។ លោកបន្តថា “អ្នកនិពន្ធក៏រស់ សិល្បករក៏រស់ អ្នកបច្ចេកទេសក៏រស់ គឺរស់ទាំងអស់គ្នា ហើយការកំណត់នេះ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនេះតែម្តង”៕ ដោយ៖ជាលី