ជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម នៅក្នុងផ្សារមូលបត្រកម្ពុជា សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ គឺបានទៅលើ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី។ ចាប់តាំងពីកម្មវិធីនេះ ត្រូវបានបង្កើតឡើង ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានជាប់ជ័យលាភីច្រើនជាងគេបង្អស់ក្នុងចំណោមឈ្មួញជើងសារមូលបត្រទាំង ១១ ដែលជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា។ ការវាយតម្លៃនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺទំហំជួញដូរមូលបត្រសរុបរបស់អតិថិជន ចំនួនគណនីជួញដូរដែលបានបើកថ្មី និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS)របស់អតិថិជន។
នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ទំហំជួញដូរមូលបត្រកម្ពុជាសរុបរបស់អតិថិជនក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ីមានចំនួនត្រឹមតែ ៥៣ ប៊ីលានរៀលតែប៉ុណ្ណោះ ពោលគឺស្នើនឹងប្រមាណ ២៧,៤៤ភាគរយ នៃទំហំជួញដុរមូលបត្រសរុប ប៉ុន្តែប្រមាណ ៨៥,៥១ភាគរយ នៃចំនួនគណនីជួញដូរទាំងអស់ដែល បានបើកថ្មីជាចំណែករបស់ក្រុមហ៊ុននេះ។
ទំហំជួញដូរសរុបរបស់អតិថិជនក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី តាមរយៈប្រព័ន្ធ MTS មានចំនួន ៤៦ប៊ីលានរៀល ខណៈដែលចំនួនគណនីជួញដូរតាមប្រព័ន្ធ MTS ដែលបានបើកថ្មី មានចំណែកប្រមាណ ៨៦,១៧ ភាគរយនៃគណនីបើកថ្មីសរុប។
គួររំលឹកដែរថា កម្មវិធីឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកនូវក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមប្រចាំត្រីមាសនីមួយៗ ដែលឈានមុខគេក្នុងការផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្រសម្រាប់អតិថិជនរបស់ខ្លួន៕