Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុក កើនលើសតម្រូវការ

ភ្នំពេញ៖ មន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា​ ប្រទេសកម្ពុជា បានផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជា បានផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម រយៈពេលពីរខែមកហើយ បន្ទាប់ពីការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅតាមតម្រូវការក្នុងស្រុកចន្លោះពី ៨ពាន់ ទៅ ៩ពាន់ក្បាល ក្នុងមួយថ្ងៃ និងម៉្យាងទៀត តម្លៃជ្រូកនៅប្រទេសថៃ និងវៀតណាម មួយរយៈចុងក្រោយនេះ ក៏ថ្លៃជាងនៅប្រទេសកម្ពុជាយើង។

ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដ្ឋានបានណែនាំដល់មន្ត្រីពេទ្យសត្វនៅតាមព្រំដែនឲ្យបង្កើនការត្រួតពិនិត្យឲ្យបានតឹតរ៉ឹងចៀសវាងការលួចនាំចូលជ្រូកចូលដោយខុសច្បាប់ពីប្រទេសក្បែរខាង និងអំពាវនាវដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើជីវសុវត្ថិភាព និងអនាម័យ ក្នុងការចិញ្ចឹមរបស់ខ្លួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សត្វចិញ្ចឹមរបស់ខ្លួន និងចម្លងទៅកន្លែងផ្សេងទៀត។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសារទរនឹងចំណាត់ការរបស់ក្រសួងកសិកម្ម ដែលសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងបានទាន់ពេលវេលា ដើម្បីការពារដល់អ្នកចិញ្ចឹមក្នុងស្រុក។ ទោះជាយ៉ាងនេះក្តីលោកលើកឡើងថា ថ្វីត្បិតការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារនាពេលនេះបានគ្រប់គ្រាន់ក៏ពិតមែន ដោយសារបរិមាណជ្រូកចិញ្ចឹមនៅសល់ក្នុងស្តុកច្រើនកាលពីអំឡុងពេលបុណ្យភ្ជុំកន្លងទៅនេះ ប៉ុន្តែលោក ស៊្រុន ពៅ ក៏បានបង្ហាញក្តីបារម្ភផងដែរថា ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជា អាចនឹងប្រឈមការខ្វះខាតនាពេលខាងមុខដ៏ខ្លីនេះ បន្ទាប់ពីជ្រូកដែលនៅសល់ក្នុងស្តុកកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចេញលក់អស់៕

×