ភ្នំពេញ ៖ មន្ត្រីគយមួយចំនួននៅខេត្តកោះកុង បានសម្តែងការមិនពេញចិត្តចំពោះលោក សំ កុសល
ប្រធានសាខាគយខេត្តកោះកុង និងបក្ខពួកមួយចំនួនបានឃុបឃិត ជាមួយក្រុមឈ្មួញធំៗប្រព្រឹត្តអំពើពុករលួយដោយមិនញញើតច្បាប់។ ហើយបានទូចឲ្យឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យមើលផង កុំឲ្យលោកសំ កុសល និងបក្ខពួកធ្វើអ្វីស្រេចតែចិត្ត។

ប្រភពពីមន្ត្រីគយដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ CEN ឲ្យដឹងថា ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសថៃ ទាំងតាមច្រកកំពង់ផែ និងច្រកផ្លូវគោក ក្នុងខេត្តកោះកុង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង។
សេចក្តីរាយការណ៍ពីអាជីវករដឹកជញ្ជូនទំនិញពីច្រកចាំយាម និងច្រកកំពង់ផែច្រើនក្នុងខេត្តកោះកុង ឆ្លងកាត់ផ្លូវជាតិលេខ៤៨ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីគយខេត្តកោះកុងប្រចាំប៉ុស្តិ៍ជជុះ ចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកអំបិល គាបយកលុយពីពួកគាត់តាមអំពើចិត្ត បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនាំចូលរួចរាល់ហើយ ក៏ចៀសមិនផុតពីបង់លុយ លើតុក្រោមតុតាមការកំណត់របស់មន្ត្រីគយប៉ុស្តិ៍ជជុះ ចំណុចអណ្តូងទឹកនោះដែរ។

ប្រភពបានបានបន្តថា រថយន្តដឹកទំនិញធុនតូចត្រូវបង់លុយ ៥ម៉ឺនរៀល និងរថយន្តធុនធំត្រូវបង់ចាប់ពី ២៥ ម៉ឺនរៀលឡើងទៅ ដោយគ្មានអ្នកណាហ៊ានតវ៉ាឡើយ។
ចំណែកលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងមិនអាចសុំការអត្ថាធិប្បាយបានទេ។
រីឯឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានបញ្ជាក់ថា “ខ្ញុំនឹងស្រាវជ្រាវករណីនេះ”។
មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលចំណាត់ការ និងការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង៕ រក្សាសិទ្ធិដោយ ៖ CEN



