ភ្នំពេញ ៖ មនុស្សបប្រុសស្រី៤នាក់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តកូរ៉េដឹកម៉ាស៊ីនមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានបែកកង់មុខ រេចង្កូតទៅបុ.កបង្គោលភ្លើង រួចហោះរំលងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុ.ករះរថយន្តតូយ៉ូតាព្រូសមួយគ្រឿង រងការខូចខាតធ្ងន់ធ្ងរ និងម៉ូតូ៣គ្រឿងទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៣០ នាទីល្ងាចថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AH-9159 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ក៏មានម៉ូតូ៣គ្រឿងទៀត ធ្វើដំណើរទិសដៅស្របគ្នា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើករថយន្តកូរ៉េពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2K-4163 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ រថយន្តបង្កបានបែកកង់មុខ ក៏រេចង្កូតទៅបុ.កបង្គោលភ្លើង រួចហោះរំលងសួនច្បារ ពុះចែកទ្រូងផ្លូវ ទៅបុ.ករះរថយន្តតូយ៉ូតាព្រូសមួយគ្រឿង រងការខូចខាត និងបន្តទៅបុកម៉ូត៣គ្រឿងទៀត ដួលខ្ទាតពេញផ្លូវ ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើង រងការខូចខាតស្ទើរទាំងស្រុង ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្ក ក៏បានចុះពីរថយន្តរត់គេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច រថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




