ភ្នំពេញ ៖ ដល់ពេលវេលាដែលសិស្សានុសិស្សប្រឡងបាក់ឌុប បុកពោះហើយ ដោយពួកគេម្នាក់ៗ រង់ចាំអ៊ុតមើលថា តើជាប់ ឬធ្លាក់ ដោយហេតុថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ១៥៖០០នាទី, ចំណែកនៅខេត្តដទៃទៀត និងប្រកាសលទ្ធផល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ក្នុងលិខិតជម្រាបជូនទៅ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នៅតាមបណ្ដារាជធានី-ខេត្ត ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា សូមលោក លោកស្រីប្រធានមន្ទីរ ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី-ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ ទៅតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។
ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើឡើងតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពី នាយក-នាយិកា នៃគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុងស្រុក ខណ្ឌ ដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។

គួររំលឹកថា តាមផែនការ ក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុប នៃសម័យប្រឡង៖ ២៧ ធ្នូ ឆ្នាំ២០២១ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯណោះទៅវិញទេ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល, ចំណែកបណ្តាខេត្តដទៃទៀត នឹងត្រូវប្រកាសនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២, ប៉ុន្តែពេលនេះ ក្រសួងលើកមកប្រកាសនៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២វិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













