ភ្នំពេញ ÷ មនុស្ស៤នាក់រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុកPassAp បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តល្បឿនបុ.កចូលរបងផ្ទះពលរដ្ឋ ទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧កែងនឹងផ្លូវ១០៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញPassAp មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1II-7728 នៅក្នុងនោះជិះគ្នា៤នាក់ នារី៣នាក់ បើកបរតាមបណ្តោយផ្លូវ១០០៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ភ្នំពេញ 2BE-6802 បើកបរតាមបណ្តោយផ្លូវ១០៨០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុ.កPassAp បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្សក្នុងPassAp 4នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ក៏បួងចង្កូតទៅបុកផ្ទប់ របងផ្ទះពលរដ្ឋ ទើរទៅមុខលែងរួច និងរងការខូចខាតសម្ភារៈ នៅក្នុងនោះអស់មួយចំនួន ចំណែកតៃកុងរថយន្តបង្ក បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង យករថយន្តស្ទូចរថយន្តបង្កនិងPassAp ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




