ភ្នំពេញ ÷ នារីម្នាក់បានបើករថយន្ត rang rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានបួងចង្កូតបត់ឆ្លងផ្លូវមិនផុត ក៏ជ្រុលទៅបុ.កបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យទ្រេតជិតដល់ដី ចំណែករថយន្តរងការខូចខាតដា.ច់កង់មួយចំហៀងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើង កាលពីវេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ R6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកrang rover ស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BM-1119 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំចូលតាមផ្លូវR6 បួងចង្កូតមិនផុត
ក៏ជ្រុលទៅបុ.កបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យទ្រេតជិតដល់ដីហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កមិនព្រមឈប់ដោះស្រាយ ព្យាយាមបន្តបើកទៅមុខ ក៏ដា.ច់កង់មុខខាងឆ្វេង ទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តបង្ក បុរសនិងនារី ក៏បានឡើងរថយន្តមួយគ្រឿងទៀត គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






