ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុប មានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងឆ្នាំ២០២០ , ដោយឡែក តម្លៃនៃការនាំចេញ ផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិក គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបែនេះ នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២២ ទីស្តីការក្រសួងកសិកម្ម ក្នុងឱកាសរបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានថ្លែងបន្តទៀតថា ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្ម សរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិកគឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។

ទោះជាមានសន្ទុះ នៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។ ម្យ៉ាងទៀត ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តី ត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់ តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។
ឯកឧត្តម វេង សាខុន បានណែនាំឲ្យពង្រឹងយន្តការផ្តល់សេវាកម្ម ត្រួតពិនិត្យនិងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារឱ្យបានកាន់តែរឹងមាំ ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកពាក់ព័ន្ធទាំងអស់ ដោយមិនមើលរំលងអំពីការអនុវត្តយន្តការផលិតកម្ម កសិកម្មតាមកិច្ចសន្យា ព្រមទាំងចូលរួមដោះស្រាយ តាមភារកិច្ចនូវបញ្ហាប្រឈមទាំងឡាយ ដែលកសិករជួបប្រទះក៏ដូចជា ការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

