Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យវ័យក្មេងកម្ពុជា៧៩នាក់ វិលត្រឡប់ ពីការសិក្សា នៅប្រទេសបារាំង

ភ្នំពេញ ៖ គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន៧៩នាក់ ដែល បានបញ្ចប់ កម្មសិក្សារយៈពេលមួយឆ្នាំនៅ តាមមន្ទីរពេទ្យនានា នៅប្រទេសបារាំង ដែលនៅទីនោះពួកគេបានផ្តល់ ការជួយជ្រោមជ្រែងដ៏មាន តម្លៃ ដល់គ្រូពេទ្យបារាំង ព្រមទាំងបានរៀនសូត្រពីក្រុមគ្រូពេទ្យដ៏មានបទពិសោធន៍ នោះ បានវិលត្រឡប់មកមាតុ ប្រទេសវិញហើយ។

កាលពីថ្ងៃទី១៣ ខែមករា ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំ ពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជា ចំនួន៧៩នាក់ ដែល បានបញ្ចប់ កម្មសិក្សា។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជាង៩០០នាក់ បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្តផ្សេងៗ ក្នុងក្របខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។ ក្នុងចំណោម៤៤ប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាល នៅបារាំងច្រើនជាងគេ។

ក្នុងឱកាសនោះដែរ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលឹកអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុង វិស័យសុខាភិបាល ដែលកាន់តែមានអត្ថន័យថែមទៀតនៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរគ្រូពេទ្យវ័យក្មេងកម្ពុជា ហើយបានថ្លែងអំណរគុណចំពោះដៃគូកម្ពុជា ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។

សុខាភិបាលស្ថិតនៅក្នុងចំណោម វិស័យនានា នៃភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់ មកហើយរវាងបារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។

ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរ ដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់ ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។ ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ ដល់មូលនិធិសាកលសម្រាប់ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជា យ៉ាងហោចណាស់១០៨លានដុល្លារ សម្រាប់ឆ្នាំ២០២១-២០២៣៕រក្សាសិទ្ធិដោយ៖សុភក្ត្រា

×