ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែរសម្ផស្បផ្ការំដួល ដោយសមត្ថកិច្ចបានត្រួតពិនិត្យនិងឆែកឆេររកឃើញថា គ្រូពេទ្យជាជនបរទេស(ជនជាតិចិន) ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រ នៅក្នុងមជ្ឈមណ្ឌលកែសម្ជស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យ ដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល, នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ (ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារៈបរិក្ខាពេទ្យពុំមានចុះ លេខប្រវេទន៍ ឬលេខបញ្ជិកា , គ្រូពេទ្យជាអ្នកបច្ចេកទេស បានបង្ករបួស ដោយចេតនា ដល់ជនរងគ្រោះជាច្រើននាក់។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) សហការ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតនៅអគារ One Park Building #B01 ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះ ធ្វើឡើងតាមពាក្យបណ្តឹង របស់ជនរងគ្រោះមួយចំនួន។
ក្រោយពីការត្រួតពិនិត្យនិងឆែកឆេរ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ៖
១- គ្រូពេទ្យជាជនបរទេស(ជនជាតិចិន) ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រនៅក្នុងមជ្ឈមណ្ឌលកែសម្ជស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
២-គ្រូពេទ្យជាអ្នកបច្ចេកទេស បានបង្ករបួស ដោយចេតនា ដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។

៣-នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ (ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារៈបរិក្ខាពេទ្យពុំមានចុះ លេខប្រវេទន៍ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
៤-ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព (ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់។
ដោយមានគោលការណ៍ឯកភាពពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ(គ.ប.ផ.ក.) បន្តអនុវត្តការងារឲ្យមានប្រសិទ្ធិភាពខ្ពស់ ដូចមានខាងក្រោម៖
១- បន្តអនុវត្តប្រកាសរួម រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ។
២-បន្តស្រាវជ្រាវស៊ើបអង្កេត និងជនប្រព្រឹត្តបទឧក្រិដ្ឋឱសថសាស្ត្រ និងវេជ្ជសាស្ត្រខុសច្បាប់ក្នុងព្រះរាជា ណាចក្រកម្ពុជា។
៣-សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំដល់បណ្តាសេវាសុខាភិបាល អោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៤-បន្តធ្វើសកម្មភាព និងប្រតិបត្តិការ ដើម្បីសន្តិសុខសុវត្ថិភាពសុខាភីបាល សុខភាពសាធារណៈ ដើម្បីជា គុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ដោយឃើញថាទីតាំងខុសច្បាប់នេះ មានកំហុស និងមិនអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញា សម្រេចឲ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៤រូប (ក្រុមគ្រូពេទ្យជនជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។ ព្រឹត្តិការណ៍នេះ ជាការបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ជស្សដ៏ធំជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួន កំពុងបើកអាជីវកម្មខាងផ្នែកកែសម្ជស្ស ដែលមិនបានគោរពតាម ច្បាប់របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋដែលទៅទទួលសេវាគ្មានគុណភាព រងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ គណៈកម្មាធិការនឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការ នេះបន្ថែមទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






















