ការបាត់បង់មនុស្សជាទីស្រឡាញ់គឺជារឿងដ៏ឈឺចាប់បំផុតមួយ សម្រាប់មិនថាសមាជិកក្រុមគ្រួសារអ្នកណានោះឡើយ។ ហើយជាមួយទុក្ខសោកបន្ទាប់ពីការបាត់បង់នេះ គឺពួកគេពិតជាពិបាកទទួលយកបានណាស់។
ដោយឡែក ករណីថ្មីៗនេះ របស់ប្តីប្រពន្ធមួយនៅប្រទេសឥណ្ឌូណេស៊ី បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់អុិនធើរណេត មានការរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថា ប្តីប្រពន្ធនេះបានរក្សាទុកសពកូនស្រីរបស់ពួកគេ នៅក្នុងផ្ទះអស់រយៈពេលជាង ២ ខែ ព្រោះតែជឿថា កូនស្រីរបស់ពួកគេនឹងរស់ឡើងវិញ។
តែទោះយ៉ាងណា បន្ទាប់ពីដឹងថាមានរឿងខុសប្រក្រតី អ្នកស្រុកនៅភូមិ Plakaran ភាគកណ្តាល Java បានសម្រេចចិត្តទៅពិនិត្យផ្ទះប្តីប្រពន្ធនោះ ហើយក៏រកឃើញសាកសពក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានរក្សាទុកក្នុងផ្ទះរបស់ពួកគេជាច្រើនខែ បន្ទាប់ពីនាងស្លាប់។
ប្តីប្រពន្ធនោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ពុំជឿថាកូនស្រីអាយុ ១៤ ឆ្នាំ របស់ពួកគេ បានទទួលមរណភាពដោយសារជំងឺរបេង បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យ ៦ ខែមុន នោះឡើយ ដោយពួកគេជឿជាក់ថា កូនស្រីនឹងអាចរស់ឡើងវិញ។
ប្រជាពលរដ្ឋបាននិយាយថា ការព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយនេះឱ្យបញ្ចុះសពកូនស្រី គឺជាកិច្ចការដ៏លំបាកមួយ ដោយពួកគេមិនអាចឱ្យយកសពកូនស្រីទៅណាបានទេ ព្រោះតែដោយសារទំហំនៃក្តីស្រឡាញ់ដ៏ធំធេងបំផុត ដែលមានចំពោះកូនស្រីជាទីស្រឡាញ់របស់ពួកគេ។
តែទោះបីជាយ៉ាងណា បន្ទាប់ពីមេដឹកនាំសាសនារបស់រដ្ឋ Ustaz Zaenuri បានមកពន្យល់អំពីច្បាប់សាសនា បន្ទាប់មកពួកគេបានឈានដល់ការព្រមព្រៀងគ្នា ហើយសម្រេចចិត្តឲ្យបញ្ចុះសពកូនស្រី នៅឯទីបញ្ចុះសពមួយកន្លែង ស្ថិតនៅជិតផ្ទះរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

