ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ រៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលនៃការចុះពិនិត្យ ពិភាក្សា ស្ដីពីបញ្ហាទំនាស់ដីទំហំ ៧៤២.២៦ហិកតា រវាងក្រុមហ៊ុនពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ១២ភូមិ នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។
ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត បានមានប្រសាសន៍ថា តំណាងក្រុមហ៊ុន តំណាងសហគមន៍ទាំង១២ភូមិ តំណាងការិយាល័យCAO និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គភាពជំនាញទាំងអស់ ដែលបានសហការគ្នា ក្នុងការដោះស្រាយ នូវបញ្ហាដែលកើតមានឡើង នាពេលកន្លងមក រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលបានដោះស្រាយនូវទុក្ខកង្វល់ ផលលំបាក ក៏ដូចជាស្របតាមសំណូមពរ របស់សហគមន៍ និងក្រុមហ៊ុនពាក់ព័ន្ធ។

ក្នុងឱកាសនេះផងដែរ តំណាងប្រជាពលរដ្ឋ ដែលមកពី១២ភូមិ បានថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ជូនសហគមន៍របស់ពួកគាត់ និងសង្ឃឹមថា បញ្ហានេះ នឹងដោះស្រាយបានរួចរាល់នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរុបនូវលទ្ធផល និងលើកឡើងថា ដីដែលពាក់ព័ន្ធខាងលើ ត្រូវរងចាំឲ្យមានការរៀបចំ ធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ឲ្យរួចរាល់សិន ទើបប្រជាពលរដ្ឋអាចប្រើប្រាស់បាន។ ចំពោះផ្ទៃដីដែលស្នើសុំកាត់ ៧៤២.២៦ហិកតា ក្នុងនោះផ្ទៃដី៧១០ហិកតា ភាគីទាំងពីរ បានឯកភាពគ្នារួចរាល់ ប៉ុន្ដែមិនទាន់មានឯកសារ ឬកិច្ចព្រមព្រៀង រវាងភាគីទាំងពីរនៅឡើយទេ។ ដោយឡែក ផ្ទៃដីដែលនៅសល់ចំនួន៣២.២៦ហិកតា ក្រុមហ៊ុន និងប្រជាពលរដ្ឋ មិនទាន់ឯកភាពគ្នានៅឡើយទេ។

ឯកឧត្តម បានស្នើសុំឲ្យក្រុមការងារ តំណាងការិយាល័យ CAO បន្ដជួយសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងមួយ រវាងភាគីទាំងពីរ ដោយឈរលើដំណោះស្រាយ តាមយុទ្ធសាស្រ្ដឈ្នះៗ។ បន្ថែមពីនោះឯកឧត្តម បានលើកឡើងថា ផ្ទៃដីដែលកាត់ចេញនេះ គឺមិនអនុញ្ញាតឲ្យយកទៅលក់ ឬបែងចែកជាកម្មសិទ្ធិឯកជនឡើយ គឺសម្រាប់តែបងប្អូនប្រជាពលរដ្ឋទាំង១២ភូមិ ប្រើប្រាស់ជាសមូហភាព អាស្រ័យផលជាក់ស្ដែង តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







