ភ្នំពេញ៖ តាមការគ្រោងទុក ពិធីបើកជាផ្លូវការ នៃវេទិកាទេសចរណ៍អាស៊ាននេះគឺជាលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
បើតាមក្រសួងទេសចរណ៍ រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះ ប្រតិភូអន្តរជាតិ ចូលរួមកិច្ចប្រជុំនេះ មានចំនួន ១២៣រូប សារព័ត៌មានសរុបចំនួន ២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់ មកពីប្រទេសចំនួន ២៧។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាន៍ថា «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ»។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន»។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះគឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ជៀសវាងមានបញ្ហាខ្វះចន្លោះរហូតដល់បាត់ម្ចាស់ការណ៍ដោយប្រការណាមួយ។ ម្យ៉ាងទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូលរួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ៤០ក្រុមហ៊ុន នឹងចូលរួមតាំងពិព័រណ៍ទេសចរណ៍ ក្នុងវេទិការទេសចរណ៍អាស៊ានលើកទី ៤០ (ATF 2022) ជាមួយនឹងចំនួនស្តង់លក់ទំនិញសរុប ១៨៧ស្តង់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ៕