Wednesday, March 29, 2023

អុញ​នោះ! ក្រោយ​លើកយក​បញ្ហា​បុក​គ្រឹះ​សង់​ផ្ទះ បណ្តាល​ឲ្យ​ប្រេះស្រាំ​ជញ្ជាំង​ផ្ទះ​ខ្លួន​ខ្ទេ​ច​ខ្ទី ស្រាប់តែ​ជាង​បុក​គ្រឹះ​បោះសម្តី​គំរាម​ពិធីករ ស្តាប់​ហើយ​ញ័រសាច់​ជំនួស

spot_img

ថ្មីៗនេះ មានរឿងរ៉ាវមួយពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ បន្ទាប់ពីលោក បូរ ភ័កត្រា អ្នកអានព័ត៌មានទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែនិយាយពីរឿងគេ តែឥឡូវនេះ បែរជាត្រូវធ្លាក់មកលើខ្លួនឯងក្លាយជាជនរងគ្រោះដែរ បន្ទាប់ពីអ្នកសង់ផ្ទះខាងក្រោយជាប់ផ្ទះរបស់លោក បុកគ្រឹះទាំងមិនស្តាប់ បណ្តាលឲ្យផ្ទះរបស់លោក និងផ្ទះអ្នកជិតផ្សេងទៀត ត្រូវប្រេះស្រាំជញ្ជាំង និងផ្នែកជាច្រើនទៀតក្នុងផ្ទះឡើងខ្ទេចខ្ទីតែម្តង។

បើតាមលោក បូរ ភ័កត្រា បានរៀបរាប់ពីដំណើររឿងហេតុនេះឲ្យដឹងថា ផ្ទះរបស់លោកដែលទើបតែសាងសង់រួចចូលនៅមិនទាន់បាន២ខែផង និងផ្ទះអ្នកជិតខាង២ល្វែងផ្សេងទៀត ស្ថិតក្នុងភូមិត្រពាំងមៀន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវប្រេះស្រាំតាមជញ្ជាំង តាមធ្នឹម និងពិដានយ៉ាងធ្ងន់ធ្ងរ ប្រៀបដូចក្រឡាផែនទីអុីចឹង ដោយសារតែបុគ្គលមួយបានសាងសង់ផ្ទះ ដោយយកម៉ាស៊ីនបុកគ្រឹះខ្នាតធំមកបុកទាំងបំពានកិច្ចសន្យានៅចំពោះមុខអាជ្ញាធរ និងក៏ដូចមិនស្តាប់ការពន្យល់ណែនាំពីអ្នកជិតខាង អំពីហានិភ័យបុកគ្រឹះខ្ទរបង្កផលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឡើយ។

លោកបន្តថា ដំបូងឡើយ បុគ្គលរូបនោះ បានសុំការអនុញ្ញាតពីអ្នកជិតខាងផងដែរ ប៉ុន្តែ ត្រូវបានអ្នកជិតខាងមិនអនុញ្ញាតឲ្យបុកនោះទេ ព្រោះថា ការបុកគ្រឹះផ្ទះល្វែងជាប់គ្នាអុីចឹង ជាពិសេសប្រើម៉ាស៊ីនបុកគ្រឹះខ្នាតធំបែបនេះទៀត គឺច្បាស់ណាស់នឹងខ្ទររញ្ជួយបង្កផលប៉ះពាល់ពុំខាន ហើយនៅពេលនោះ អ្នកជិតខាងឲ្យបុគ្គលរូបនោះ ធ្វើការបុកគ្រឹះតាមវិធីសាស្រ្តខួងសង្កត់ ឬបុកខ្យល់ ទើបពុំបង្កហានិភ័យ។ តែទោះយ៉ាងណា បុគ្គលរូបនោះពុំស្តាប់ទេ ដោយនៅតែរឹងទទឹង ៤ -៥ ថ្ងៃក្រោយមក ក៏យកម៉ាស៊ីនខ្នាតធំបុកតែម្តង។ ហើយពិតណាស់ ជាលទ្ធផល គឺផ្ទះរបស់លោក និងផ្ទះអ្នកជិតខាង២គ្រួសារទៀត ដែលសង់រួចបាន១ឆ្នាំ ២ ឆ្នាំ ទៅហើយ ក្លាយទៅជាបែបនេះ។

អ្វីដែលហួសចិត្តទៀតនោះ បើតាមលោក ភ័កត្រា នៅបានបញ្ជាក់បន្ថែមឲ្យដឹងថា បន្ទាប់ពីពួកគាត់អ្នកជិតខាងធ្វើការហាមឃាត់ និងប្តឹងទៅអាជ្ញាធរឲ្យជួយអន្តរាគមន៍ បុគ្គលរូបនោះក៏បានយល់ព្រមធ្វើកិច្ចសន្យាឈប់បុកគ្រឹះតទៅទៀត ។ តែទោះយ៉ាងណា បុគ្គលរូបនោះពុំបញ្ឈប់ការបុកគ្រឹះឡើយ ដោយធ្វើកិច្ចសន្យានៅថ្ងៃអាទិត្យ ស្រាប់តែស្អែកឡើងថ្ងៃច័ន្ទ បន្តបុកគ្រឹះដដែល ដែលជាហេតុធ្វើឲ្យផ្ទះរបស់លោក និងអ្នកជិតខាង ប្រេះស្រាំកាន់តែធ្ងន់ធ្ងរ។

ជាមួយនិងទង្វើដ៏បំពានរបស់បុគ្គលរូបនោះ ព្រោះតែចង់បានគុណភាពផ្ទះខ្លួន មិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃ នៅពេលនេះ ពួកគាត់ជាម្ចាស់ផ្ទះ៣ខ្នង បានធ្វើទៅតាមផ្លូវច្បាប់ហើយ ខណៈម្ចាស់សំណង់ដីឡូត៍នេះ ក៏ត្រូវបានអាជ្ញាធរបញ្ជាឲ្យផ្អាកបុកគ្រឹះជាបណ្តោះអាសន្នផងដែរ។

តែទោះជាយ៉ាងណា បុគ្គលរូបនេះ ហាក់ដូចមិនព្រឺខ្លាចញញើត ចំពោះការប្តឹងផ្តល់របស់ម្ចាស់ផ្ទះរងគ្រោះសោះឡើយ។ ជាក់ស្តែង ទន្ទឹងរឿងនេះកើតឡើង គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ Than Bun Heang ដែលគេស្គាល់ថាជាជាងសំណង់ បានបង្ហោះសារបោះសម្តីយ៉ាងឡូយគំរាមទៅលោក បូរ ភ័កត្រា បែបនេះថា៖ «ចូលបទបរិហាកេរ្តិ៍ហើយ ស្អែកជួបគ្នានៅខ័ណ្ឌ មិនស្រួលលែងបានអានកាសែត» និងសូម្បីសួរថា តើការងារខួងគ្រឹះ និងបុកគ្រឹះមួយណាល្អជាង បន្ទាប់ពីបានស្តីបន្ទោសដល់ម្ចាស់ផ្ទះរងគ្រោះទាំង៣ថា ធ្វើផ្ទះគ្មានគុណភាព ទើបប្រេះស្រាំបែបនេះ។

រហូតមកទល់ពេលនេះ ក៏មិនដឹងថា រវាងភាគីបង្កផលប៉ះពាល់ និងភាគីជាជនរងគ្រោះទាំង៣គ្រួសារ ដោះស្រាយសម្របសម្រួលគ្នាយ៉ាងណានោះទេ ខណៈលោក បូរ ភ័កត្រា បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនអាចទទួលយកការសម្របសម្រួលបានទេ ព្រោះផ្ទះប្រេះស្រាំខ្ទេចខ្ទីអស់ហើយ ហេតុនេះ ពួកគាត់គឺត្រូវតែទាមទារយកសំណង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២