បន្ទាយមានជ័យ ៖ ដីធ្លីនៅភូមិរោងម៉ាស៊ីននិងភូមិអូរអំបិលសរុប២.៨២០ក្បាលដី នាសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបានវាស់រួច ហើយត្រូវដាក់ទិន្នន័យអោយម្ចាស់ក្បាលដីផ្ទៀងផ្ទាត់។ តទៅទៀត ពេលដីធ្លីមានប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់រឹង) ដីនឹងរឹងរឹតតែមានសុវវត្ថិភាព ផលិតភាព ឬមានន័យថា ដីលែងបារម្ភមានទំនាស់ មានការរំលោភបំពាន់យកនិងហាងឆេងដីក៏ឡើងថ្លៃផងដែរ។
លោក វ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណនិយាយក្នុងពិធីកាលពីថ្ងៃទី៣១តុលាឆ្នាំ២០១៧ នាវត្តសុភមង្គលសង្កាត់អូរអំបិលថា: កន្លងមកការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធពុំមានទេនៅក្រុងសិរីសោភ័ណ គឺមានតែចុះបញ្ជីលក្ខណ:ដាច់ដោយដុំ ហើយចុះបានច្រើនដែរ។ ប៉ុន្តែឥឡូវកម្មវិធីអនុវិស័យដីធ្លី(LASSP)របស់ក្រសួងរៀបចំដែនដីនគរោបនីយកម្មនិងសំណង់នៃរាជរដ្ឋាភិបាលបានធ្វើរួចនៅសង្កាត់ទឹកថ្លារួចហើយៗបន្តធ្វើនៅសង្កាត់អូរអំបិលដែលនៅកណ្តាលក្រុងខ្លះ ជាយក្រុងខ្លះនិងបានបន្តផ្លោះរំលងទៅធ្វើនៅសង្កាត់ភ្នៀតជាជនបទស្រុកស្រែវាលទំនាប។
លោក រ៉ូ បូរ៉ា អនុប្រធានមន្ទិររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិយាយថា :បច្ចប្បន្នក្នុងខេត្ត មន្ទីរបានរៀបចំក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ចំនួន៣ក្រុមដែលបាននិងកំពុងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅសង្កាត់អូរអំបិល សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ។ នៅឃុំរាហាត់ទឹកស្រុកមង្គលបូរី និងនៅឃុំរហាល ស្រុកព្រះនេត្រព្រះ។
ការអនុវត្តន័ភូមិរោងម៉ាស៊ីន៧៧៦ក្បាលដីនិងភូមិអូរអំបិល២.០៤៤ក្បាល ដីឬសរុប២.៨២០ក្បាលដី ត្រូវបានក្រុមការងារបានចុះបញ្ជីចប់ ហើយត្រូវបិទផ្សាយឯកសារវិនិច្ឆ័យចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធ។ ក្នុងនៅសល់ដីទំនាស់ ដីគ្មានទិន្នន័យដែលមិនទាន់ចុះបញ្ជីបានមួយចំនួន។ ដីទំនាស់មួយចំនួនជាដីទំនាស់រវាងបងប្ងូនបង្កើត ដីអតីតបារ៉ែត ដីជាប់ក្នុងបណ្តឹងបង្កកទប់ស្កាត់នៅធនាគារជាដើម។
សូមរំលឹកថា ការចុះបញ្ជីដីធ្លីបែបនេះនៅខេត្តបន្ទាយមានជ័យដំណើរការតាំងពីឆ្នាំ២០១២ មកធ្វើបាន៧៨.៣៥៥ប័ណ្ណ។ ពីមុនការចុះបញ្ជីដីធ្លីនេះ ទទួលការគាំទ្រនិងឧបត្ថម្ភពីប្រទេសនិងអង្គការមូលនិធិរបស់ដៃសគូអភិវឌ្ឍន៍បរទេសមានប្រទេសកាណាដា សហភាពអឺរ៉ុបជាដើម។ ហើយចុងក្រោយនេះ គម្រោងអនុវិស័យដីធ្លីនេះ គាំទ្រ ប្រើប្រាសថវិកាជាតិកម្ពុជាតែម្តង។ លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា ការចុះបញ្ជីសុរិយោដី ដីធ្លីឬហៅថាធ្វើប្លង់ដីពេលនេះដើម្បីធានានូវសិទ្ធិរបស់អ្នកធ្វើជាម្ចាស់ឬកាន់កាប់។
លោក អ៊ុំ រាត្រី និយាយបន្តថា:បើលោកអ្នកបានប្លង់ដី គឺអាចយកទៅធានាខ្ចីប្រាក់។ វាក៏ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី។ ធ្វើអោយប្រសើរឡើងនៃការផ្ទេរអចលនវត្ថុ។ និងអាចបង្កើនហាងឆេងដីធ្លីអោយកាន់តែថ្លៃផងដែរ។
គួររំលឹកថា ការចុះបញ្ជីនេះបានប្លង់ដី ក៏នឹងធ្វើអោយដីធ្លីមានសុវត្ថិភាពផ្លូវច្បាប់ គ្មានអ្នករំលោភ អ្នកប៉ះពាល់។ លោក អភិបាលរងខេត្តបានលើកឡើងពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនរបស់មូលដ្ឋានដល់ថ្នាក់ខេត្តនិងប្រទេសជាតិ ៕ ដោយ : បន្ទាយ