Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងជួបជាមួយសិស្សនិទ្ទេស A ទាំង១៧៥៣នាក់ ដើម្បីលើកទឹកចិត្តសម្រាប់ការខិតខំរៀនសូត្រ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសារ សម្តែងការអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ហើយសម្តេចក៏ប្រកាសថា ឆ្នាំនេះនឹងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្រ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេសA។

នៅលើទំព័រហ្វេសបុកផ្លូវ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “សូមអបអរសាទរចំពោះចៅៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់ នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗ ដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់”។

សម្តេច បានបន្តទៀតថា “ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ២០២០ ដែលឱ្យជាប់ទាំងអស់គ្នា ដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំ នឹងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្រ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A។ ពេលវេលា និងទីកន្លែងជួបនឹងជំរាបតាមក្រោយតាមរយៈរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន”។

ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ២០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។ ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ ពិន្ទុ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមានឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ ។ ការប្រកាសលទ្ធផល ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×