ភ្នំពេញ ៖ មានមតិបេក្ខជនជាច្រើនបានលើកឡើងមិនស្រគ្នាទៅបនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបេក្ខជនខ្លះលើកឡើងថា ហេតុអ្វី អ្នកខិតខំរៀន និងមានជំនឿពិតប្រាកដថា ខ្លួនចេះ បែរជាធ្លាក់ទៅវិញ? អ្នកខ្លះមិនសូវចេះអ្វីទេ ប៉ុន្តែបានសុំមើលគ្នា ឬចម្លងតាមគ្នា បែរជាបានជាប់? ជួបវិបត្តិកូវីដ-១៩ដូចគ្នា មិនសូវជាបានរៀនសូត្រដូចគ្នា ក្នុងឆ្នាំ២០២០ ហេតុអ្វី ក្រសួងអប់រំ អនុញ្ញាតឲ្យសិស្សជាប់ទាំងអស់ ដោយដោយគ្រាន់តែបេក្ខជនបានត្រឹមចុះឈ្មោះប្រឡងតែប៉ុណ្ណោះ, ចុះសម្រាប់ឆ្នាំ២០២១ នេះវិញ ហេតុអ្វីក៏ឲ្យបេក្ខជនប្រមាណ ៣៥ភាគរយធ្លាក់ដូច្នោះទៅវិញ? តើមិនមែនជារឿងអយុត្តិធម៌ទេឬ?

ចាប់ពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ ក្រោយបានឃើញលទ្ធផលនៃការប្រឡងបាក់ឌុប បេក្ខជនដែលជាប់និទ្ទេសមិនប្រក្រតី និងបេក្ខជនដែលទទួលលទ្ធផលប្រឡងធ្លាក់ បានលើកឡើងថា ការបូកសរុបពិន្ទុនៃលទ្ធផលការប្រឡងដូចជាលឿនពេកហើយ អាចនឹងមិនមានភាពប្រក្រតី, ខ្ញុំសុំប្រើសិទ្ធិចង់ដឹង និងសូមឲ្យក្រសួង បង្ហាញនិទ្ទេសតាមមុខវិជ្ជានីមួយៗរបស់ខ្ញុំ ដែលអះអាងថា ខ្ញុំធ្លាក់… តើខ្ញុំធ្លាក់មុខវិជ្ជាអ្វីខ្លះ និងជាប់និទ្ទេសអ្វីខ្លះ?
បេក្ខជនមួយរូបទៀត សំណូមពរថា ខ្ញុំសូមឱ្យក្រសួងពិនិត្យឡើងវិញនូវកិច្ចការឬប្រព័ន្ធបច្ចេកទេសសាឡើងវិញ ដើម្បីបញ្ជាក់ពីហេតុផលសមស្រប ព្រោះមានការតវ៉ាជាច្រើនពីសិស្សដែលប្រឡងជាប់ ចំពោះនិទ្ទេសរបស់ខ្លួន ឬនិទ្ទេសតាមមុខវិជ្ជានីមួយៗ។
ស្រីលាភ ជាបេក្ខជនប្រឡងម្នាក់ បាននិយាយថា មុខវិជ្ជាដែលខ្ញុំចំណាយពេលវេលាខិតខំព្យាយាមរៀនសូត្រកន្លងមក បែរជាជាប់និទ្ទេសមិនល្អ ក្រោមអ្នកមិនព្យាយាមទៅវិញ? មុខវិជ្ជាខ្មែរ ខ្ញុំសរសេរបានយ៉ាងច្រើនលើសង្គមបាន ៣, អក្សរសិល្ប៍បាន ៧, ហើយខ្ញុំស្រាប់តែប៊ិះធ្លាក់ទៀត ខ្ញុំពិតជាមិនអាចទទួលយកបានទេ។

បេក្ខជន ខន រក្សា មុខវិជ្ជាដែលសង្ឃឹមខ្លាំងបែរជាធ្លាក់ មានសិស្សពូកែជាច្រើនធ្លាក់មុខវិជ្ជាដែលពួកគេជឿជាក់ខ្ពស់ ពួកគេខិតខំទាំងដែលស្ថានភាពមិនអំណោយផល (វិបត្តិកូវីដ-១៩រាតត្បាត) ហើយសង្ឃឹមយ៉ាងខ្លាំងតាមសមត្ថភាពរបស់ពួកគេ។ វាមិនចម្លែកទេដែលមានកំហុសខាងបច្ចេកទេស ព្រោះវាមានបទពិសោធន៍ម្ដងរួចមកហើយ សង្ឃឹមថា ខាងក្រសួងអប់រំ នឹងមានដំណោះស្រាយឲ្យបានសមរម្យផង។
បេក្ខជនខ្លះ លើកឡើងថា ខ្លួនអស់សង្ឃឹមខ្លាំងណាស់ ដែលខិតខំរៀនទាំងដឹងសមត្ថភាពរបស់ខ្លួនឯង បែរជាមិនមានឈ្មោះជាប់ទៅវិញ (គឺធ្លាក់នេះឯង), សិស្សពូកែៗក៏មានធ្លាក់ច្រើន វិទ្យាសាស្រ្តធ្លាក់ច្រើន ទាំងសមត្ថភាពម្នាក់ៗសុទ្ធតែដឹងច្បាស់ រួមទាំងរូបខ្ញុំ, ដូច្នេះស្នើសុំក្រសួងអប់រំ ពិនិត្យឡើងវិញម្ដងទៀតបានទេ?

សិស្ស ធឿន ចន្ធា បានស្នើថា សូមឱ្យក្រសួង មេត្តាយោគយល់ដល់សិស្សផង ព្រោះតែវិបត្តិកូវីដ-១៩ គ្នាមិនបានរៀនសូត្រជាប់លាប់អ្វីទេ ម៉េចក៏ឱ្យធ្លាក់ច្រើនម្ល៉េះ រហូតដល់ប្រមាណ ៣៥ភាគរយ? ម្យ៉ាងលទ្ធផលប្រឡងដូចជាយ៉ាងម៉េចមិនដឹងទេ អ្នកខំរៀនបែរជាធ្លាក់ អ្នកមិនរៀនបែរជាជាប់, ដូចជាសិស្សស្វៃរិន មិនដែលរៀនផងបែរជាជាប់វិញអត់យល់ទេ ដូច្នេះ សូមក្រសួងអប់រំ មេត្តាពិនិត្យឡើងវិញផង កុំឱ្យសិស្សានុសិស្សបាក់ទឹកចិត្ត ដោយប្រការមិនប្រក្រតី ឬភ្លាត់ស្នៀតដោយការធ្វេសប្រហែសណាមួយ។
មានមតិមហាជនខ្លះទៀត បានលើកឡើងថា សូមចូលរួមជាមតិយោបល់ទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តើក្រសួង អាចរៀបចំការប្រឡងលើកទី ២ សម្រាប់អ្នកធ្លាក់បានតែឬទេ? ព្រោះកាលពីថ្នាក់ទី១១ ក្មេងមិនបានរៀនដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងពិបាកចេញទៅស្រាវជ្រាវលំហាត់ ឬមេរៀន ព្រោះតែម្នាក់ៗចូលរួមទប់ស្កាត់កូវីដ-១៩, លុះដល់ថ្នាក់ទី១២ ក៏រៀនរអាក់រអួលទៀត មិនបានគ្រប់គ្រាន់ ក្រសួងមិនគួររឹតបន្តឹងពួកគាត់សោះ , ក្មេងៗខំរៀនតាមអនឡាញណាស់ដែរ តែរៀនតាមអនឡាញ វាមិនដូចការរៀនផ្ទាល់នៅក្នុងថ្នាក់ជាមួយគ្រូនោះឡើយ, ការលើកឡើងនេះ គឺមិនចង់ឲ្យក្មេងប៉ះពាល់អារម្មណ៍ផ្លូវចិត្ត និងបាក់ទឹកចិត្តច្រើននោះតែប៉ុណ្ណោះ ព្រោះក្មេងៗនឹងគិតថា វាមិនស្មើភាព ដោយហេតុថា កាលពីឆ្នាំមុនក្រសួងប្រកាសឱ្យជាប់ទាំងអស់ដោយស្វ័យប្រវត្តិ ឲ្យតែសិស្សណាមានឈ្មោះចូលរៀន និងចុះឈ្មោះប្រឡង… មហាជនភាគច្រើន សង្ឃឹមថាក្រសួង នឹងពិនិត្យឡើងវិញ ដើម្បីផ្ដល់យុត្ដិធម៌ជូនបេក្ខជនដែលប្រឡងធ្លាក់ និងបេក្ខជនដែលទទួលនិទ្ទេសមិនប្រក្រតីមួយចំនួនទៀត។

គួរបញ្ជាក់ថា លទ្ធផលនៃការប្រឡង បាក់ឌុប សម័យប្រឡង ថ្ងៃទី២៧-២៧ ធ្នូ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ មានចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ មានចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣៤៩៩ នាក់ (ឆ្នាំ២០១៩ មានចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ មានចំនួន ៥៦ ២៣២ នាក់)។

បេក្ខជននៅគ្រប់ រាជធានី-ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់, ក្នុងនោះ បេក្ខជនមកពីរាជធានីភ្នំពេញ មានចំនួន ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





















