ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៤៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៣០៦គ្រឿង ម៉ូតូ ១.១៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៤៧គ្រឿង មានម៉ូតូចំនួន ៤១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៦ថ្ងៃ(ថ្ងៃទី០១-១៦ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៧៥.៩៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០.៤៦៣គ្រឿង មានម៉ូតូចំនួន ៧.៨២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៦ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី