កណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីបាត់ម៉ូតូ១គ្រឿងនៅចំណុចផ្សារព្រែកតូច ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ហើយសមត្ថកិច្ចនគរបាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីយកមកអនុវត្តតាមនីតិវិធី។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមកតូបលក់ ដោយមិនបានដកកូនសោរម៉ូតូចេញ ក៏បានរើអីវ៉ាន់ចេញពីម៉ូតូ ហើយពេលនោះក៏មានជនមិនស្គាល់អត្តសញ្ញាណ បានជិះកង់០១គ្រឿង យកមកទុកកៀនតូប រួចក៏បានលួចយកម៉ូតូ០១គ្រឿង ជារបស់ជនរងគ្រោះ ជិះទៅបាត់។

ករណីខាងលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសបុកឈ្មោះ វេងហុង សុខហ័ង ដែលបានរាយការណ៍ ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ខ្ញុំបានបាត់ម៉ូតូ Honda 021 មានផ្លាកលេខ 1AM-4587 ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានភស្តុតាង ចោរពីកាមេរ៉ាសុវត្ថិភាព ជិះកង់ពណ៌លឿង ដោយបានលួចម៉ូតូរួចទុកកង់នៅកន្លែងកើតហេតុ ដោយមានភិនភាគ និងភស្តុតាងចោរហើយ តែមិនអាចរកឃើញ ខ្ញុំសូមអំពាវនាវដល់ស្នងការជួយខ្ញុំផង ។
ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមដោយមានការចង្អុលបង្ហាញ ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឲ្យចុះស្រាវជ្រាវករណីខាងលើ ដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។

ជាលទ្ធផល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានស្រាវជ្រាវឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទី ឈ្មោះ លាង តិចអ៊ីម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង បានទៅទិញអីវ៉ាន់នៅផ្សារព្រែកតូច ដើម្បីយកមកលក់ ។ លុះដល់ម៉ោងប្រហែលម៉ោង៩និង០៨នាទី ជនរងគ្រោះបានជិះម៉ូតូមកតូបលក់ (មិនបានដកកូនសោរម៉ូតូចេញ) ក៏បានរើអីវ៉ាន់ចេញពីម៉ូតូ ។ ពេលនោះក៏មានជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ (មើលតាមកាមេរ៉ាសុវត្ថិភាព) បានជិះកង់០១គ្រឿងពណ៌ទឹកក្រូចស្រទបមុខ និងក្រោយពណ៌ទឹកប្រាក់ កែបពណ៌ខ្មៅ យកមកទុកកៀនតូប រួចក៏បានលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AM.4587 ជារបស់ជនរងគ្រោះជិះទៅបាត់ ។
លុះដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ។ ចំពោះករណីខាងលើនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីយកមកអនុវត្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



