នេះជារឿងមួយពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលនារី២នាក់បងប្អូន បានស្រែកឈ្លោះប្រកែកខ្លាំងៗ ជាមួយប្តីប្រពន្ធមួយ ស្ទើរហក់ស៊ីសាច់ បន្ទាប់ពីបុរសជាប្តីរូបនោះ បានទាត់សត្វឆ្កែមេផើមរបស់ខ្លួនមួយជើងឡើងប៉ើង បន្ទាប់ឆ្កែនោះបានរត់មកព្រួសរកខាំ ខណៈប្តីប្រពន្ធនោះកំពុងដើរតាមផ្លូវ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព នោះនៅមុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធមួយ ខណៈកំពុងដើរសុខៗ ក៏ស្រាប់តែសត្វឆ្កែ១ក្បាល រត់សំដៅព្រូសរកខាំ ហើយភ្លាមៗនោះ បុរសជាប្តីក៏បានទាត់ឆ្កែនោះ១ជើងឡើងប៉ើងផ្ទប់ជញ្ជាំងតែម្តង។ ក្រោយពីបានឮសូរសំឡែងសត្វឆ្កែរបស់ខ្លួនស្រែកក្នុងភាពឈឺចាប់ បន្ទាប់ពីរងមួយជើង ខណៈពេលនោះ គេក៏បានឃើញនារីម្នាក់ ដែលកំពុងឈរនៅខាងក្រៅផ្ទះជាមួយបុរសម្នាក់ បានលឺសូររអ៊ូដំបូងថា អ៊ួយ! ហួសហេតុហ្មេសពូ គ្នាកំពុងមានកូនផង។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺថាភាគីទាំងពីរបានចាប់ផ្តើមឈ្លោះប្រកែកគ្នាខ្លាំងៗតែម្តង ជាពិសេសពីសំណាក់នារីជាម្ចាស់ឆ្កែ បន្ទាប់ពីស្រ្តីជាប្រពន្ធបានប្រាប់ថាប្តីរបស់ខ្លួនពុំបានទាត់នោះទេ តែនារីម្ចាស់ឆ្កែថា ឲ្យឆែកមើលកាមេរ៉ាហ្មងទៅ បើមិនបានទាត់ឆ្កែរបស់ខ្លួនមែន។ ប៉ុន្តែ ដោយសារមិនចង់មានរឿងរ៉ាវវែងឆ្ងាយយប់ព្រលប់ ស្រ្តីជាប្រពន្ធក៏បានឃាត់ប្តីឲ្យបន្តដំណើរទៅផ្ទះ ចាំព្រឹកស្អែកចាំគិតទៀត ខណៈនារីជាម្ចាស់ឆ្កែដែលពោរពេញដោយកំហឹង អាចត្រូវបានលឺជេរយ៉ាងសាហាវថា អើអាណាទាត់ឆ្កែផើម ឲ្យវាឆាប់ត្រូវទណ្ឌកម្ម អ្នកឯងមានកូនដូចគ្នាអុីចឹង ម៉ាមីរលូតកូន។
ប៉ុន្តែ ដោយសារទប់កំហឹងពុំបាន បុរសជាប្តីមិនចាំស្អែក ក៏បានដើរមកម្នាក់ឯង និងបាននិយាយទៅកាន់ម្ចាស់ឆ្កែថា ហែងយកឆ្កែជាធំ ឬយកជីវិតមនុស្សជាធំ? គ្រាន់តែបានលឺបែបនេះ នារីជាបងប្អូនទាំងពីរក៏បានឆ្លើយតបស្រែកដាក់ខ្លាំងៗទៅវិញប្រាវៗតែម្តង។ តែទោះយ៉ាងណា ភាគីទាំងពីរក៏ត្រូវបានបំបែក បន្ទាប់ពីបុរសម្នាក់បានជិះម៉ូតូមកសម្រុះសម្រួល។
ដោយឡែក ក្រោយរឿងនេះកើតឡើងម្ចាស់ឆ្កែក៏បានបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព និងបានរៀបរាប់ឲ្យដឹងថា៖ «នេះភស្តុតាងដែលជនមិនស្គាល់មុខម្នាក់នឹងបានបង្កថ្ងៃ 13.01.22 វេលា9យប់ ជាVideoដែរបុរសម្នាក់និងប្រពន្ធស្រវឹងទាត់ឆ្កែខ្ញុំឡើងប៉ើងបុកជញ្ជាំង ដោយចោទថាឆ្កែខ្ញុំលោតហក់ខាំ ( ឆ្កែខ្ញុំមិនដែរខាំអ្នកណា ហើយលេងជាមួយក្មេងៗរាល់ថ្ងៃអ្នកជិតខាងជាប់ផ្ទះចូលចិត្តគ្រប់គ្នា) ហើយបានរករឿង នឹងមករឿងខ្ញុំជាលើកទីពីរ ដោយអាងអ្នកណាអ្នកណី នឹងមកប្តឹងខ្ញុំវិញទៀត ….. តែខ្ញុំមិនចង់មានបញ្ហាទៀត នេះជាVideoសាក្សី ថ្ងៃក្រោយបើគាត់នៅតែអាងអំណាចនិងគំរាមខ្ញុំម្ដងទៀត ខ្ញុំនឹងដាក់ពាក្យបណ្ដឹង…… គាត់ថាខ្ញុំអាងខ្លួនជាអ្នកមានរករឿងគាត់ ទាំងដែលគាត់ជាអ្នកទាមទារប្ដឹងនិងរករឿងដំបូង ពេលដែលខ្ញុំកំពុងហូបបាយ…..( បញ្ជាក់ពេលគាត់ស៊ើបដឹងប្រវិត្តរបស់ខ្ញុំ ) គាត់ថាហែងទុកឆ្កែនឹងសំខាន់មែន ឆ្កែខ្ញុំពីតូចចិញ្ចឹមនិងមើលថែយកទៅពេទ្យរាល់ខែគួរស្រលាញ់ និងមិនចេះខាំអ្នកណាសូម្បីម្ដង»។
តែទោះយ៉ាងណា ក្រោយឃើញហួសចិត្តខ្លាំងពេក អ្នកលេងបណ្តាញសង្គមភាគច្រើន ក្នុងនោះសូម្បីតែអ្នកស្រលាញ់ឆ្កែដែរ ក៏ពុំគាំទ្រម្ចាស់ឆ្កែនោះទេ ដោយបានដាក់ឲ្យបែបៗនេះថា៖ «ទាត់ប៉ុណ្ណឹងសោះ ឆ្កែខ្ញុំទាត់ខ្លាំងជាងហ្នឹងទៀត ហោះមកហើយទាំងគេទាំងខ្ញុំទាត់សិនហើយ, ឆ្កែខ្លួនរកខាំគេគេវាយកាពារខ្លួនចឹងហេីយ, ឆ្កែខ្ញុំក៏ចឹងដែរ ឲ្យតែឃើញមនុស្សស្ទុះទៅរកខាំគេ ខ្ញុំឲ្យតែគេដាក់ឲ្យងាប់ទេ, ចិញ្ចឹមឆ្កែខុសរបៀបគ្មានរបងផ្ទះត្រឹមត្រូវ សមនឹងគេទាត់ចឹងហើយៗ នៅមានមុខរករឿងគេទៀត អញអើយអញ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










