លោក Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអតិថិជនបាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមកញ្ចប់ថវិកាចំនួន 680 លាន រីងហ្គីត ឬ (១៦២ លានដុល្លារអាមេរិក) ដើម្បីធានាបាននូវស្តង់ដារតម្លៃ និងស្ថិរភាពតម្លៃសម្រាប់ទំនិញសំខាន់ៗ។
លោក Nanta Linggi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍មួយនៅ Pasar Besar Kota Kinabalu កាលពីថ្ងៃចន្ទ ទី ១៧ ខែមករាថា ទឹកប្រាក់សរុបចំនួន ៤០០ លានរីងហ្គីតត្រូវបានត្រៀមដាច់ដោយឡែកសម្រាប់កម្មវិធីស្ថិរភាពតម្លៃប្រេងចម្អិនអាហារ និង ៤០ លានរីងហ្គីត សម្រាប់កម្មវិធីឧបត្ថម្ភធន សម្រាប់ការប្រើប្រាស់ទូទៅ។
លោកបាននិយាយថា ទឹកប្រាក់ 240 លានរីងហ្គីតផ្សេងទៀតនឹងត្រូវបានបែងចែកសម្រាប់ការអនុវត្តកម្មវិធីស្តង់ដារតម្លៃ ដែលរួមមានការបែងចែកទៅតាមទំនិញសំខាន់ៗ ឧស្ម័នប្រេងរាវ និងកម្មវិធីស្គរសហគមន៍។ លោក Nanta Linggi ត្រូវបានគេដកស្រង់សម្តីថា តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលក៏នឹងទទួលបន្ទុកលើថ្លៃដឹកជញ្ជូនទៅលើទំនិញដែលខ្លួនគ្រប់គ្រងចំនួន ៧ ពីអ្នកផ្គត់ផ្គង់ក្នុងទីក្រុងទៅតំបន់ជនបទដែលបានជ្រើសរើស។
លោកបន្តថា ការអនុវត្តកម្មវិធីនេះអាចធានាថាទំនិញត្រូវបានលក់ក្នុងតម្លៃកំណត់ព្រោះថ្លៃដឹកជញ្ជូនត្រូវចេញដោយរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សរុបទាំងអស់នឹងមានទីតាំងលក់ចំនួន 2,005 ចំណុចនៃការលក់ទូទាំងប្រទេស ដែលទំនិញសំខាន់ៗនឹងត្រូវបានដឹកជញ្ជូនដោយអ្នកដឹកជញ្ជូន កត់ត្រា និងលក់ទៅកាន់សហគមន៍មូលដ្ឋាន។ លោកបានបន្ថែមថា ការធ្វើបែបនេះគឺដើម្បីធានាថាសហគមន៍មូលដ្ឋានក៏អាចទទួលបានតម្លៃដូចគ្នានៅក្នុងទីក្រុងដែរ៕ ប្រភព៖CNA