ការបង្ហោះអំពីរឿងរ៉ាវក្មេងស្រីសិស្សសាលាម្នាក់ ពីគណនីហ្វេសប៊ុកមួយឈ្មោះថា Jithathai Chaiyathep គឺបានទទួលការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើន។ ក្នុងនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានរៀបរាប់ឲ្យដឹងថា ក្មេងស្រីម្នាក់ឆ្លៀតពេលទំនេរសិក្សា បានឆ្លៀតដើរសើរសំបកកំប៉ុងអេតចាយ ដើម្បីរកលុយជួយសម្រាលបន្ទុកគ្រួសារ។
ក្មេងស្រីរូបនោះ ដែលមានឈ្មោះ Jenny អាយុ ៩ ឆ្នាំ បាននិយាយថា នៅពេលចាកចេញពីសាលារៀន នាងតែងច្រកសំបកកំប៉ុងដបទឹកនិងសំណល់អេតចាយផ្សេងៗទៀត ដាក់ក្នុងស្បោង ចងភ្ជាប់ និងព្យួរតាមដៃកង់ ជិះវិលត្រឡប់មកផ្ទះ។
ម្ចាស់គណនីខាងលើ ក៏បានឲ្យដឹងទៀតថា Jenny ជាកូនកំព្រា ដោយឪពុកម្តាយរបស់នាងបានស្លាប់ចោលតាំងពីនាងនៅតូចម្ល៉េះ ហើយសព្វថ្ងៃនេះ នាងរស់នៅជាមួយម្តាយមីង។
Jenny បានប្រាប់ឲ្យដឹងថា ពេលចេញពីរៀន នាងបានជិះកង់បណ្តើរ និងរើសប្រមូលសំបកដប កំប៉ុងគេបោះចោលតាមផ្លូវ យកទៅសន្សំទុកនៅផ្ទះ ហើយបន្ទាប់បានច្រើន នាងលក់បានលុយបន្តិចបន្តួច ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃដល់អុំស្រីរបស់នាង និងសល់លុយខ្លះ សម្រាប់ការចំណាយលើសិក្សា។
ក្រោយពីបានឃើញក្មេងស្រីរូបនេះ ចេះមានការតស៊ូបែបនេះ សប្បុរសជាច្រើនដែលក្តីអាណិត បានជួយឧបត្ថម្ភ និងបង្កើតជាមូលនិធិជួយដល់នាង។ ក្នុងនោះ គេក៏បានឧបត្ថម្ភកង់ថ្មី១គ្រឿងដល់សម្រាប់ធ្វើដំណើរទៅសាលារៀនប្រសើរជាងមុនផងដែរ។ ហើយអ្វីដែលគួរឲ្យសរសើរទឹកចិត្តទៀតនោះ គឺនៅពេលសួរនាំបន្ថែម នាងគ្រាន់តែបានប្រាប់ថា នាងចង់ឃើញអ៊ុំស្រីបានហូបឆ្អែត នោះនាងសប្បាយចិត្តណាស់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





