ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទ កំណត់ដាក់ឱ្យអនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ អ្នកជាប់ពន្ធ អនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជា និងអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នក ជាប់ពន្ធអទិវាសនជន ទាំងអស់ជ្រាបថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្ត ប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលា គ្រប់គ្រាន់ដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងត្រៀមខ្លួនចូលរួមអនុវត្តប្រកាសនេះឱ្យមាន ភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការពន្យារពេលអនុវត្តនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមក ព្រះរាជាណាចក្រកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬ មិនបានមកធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករ លើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្រ្តៃយ៍ នៅព្រះរាជាណាចក្រកម្ពុជា)។
ប្រកាសនេះ មានគោលបំណងកំណត់វិធាននិងនីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមលើ ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយអ្នកជាប់ពន្ធ អទិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជននៅក្រៅព្រះរាជាណាចក្រកម្ពុជា មកព្រះរាជាណាចក្រកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជនដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬ រាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន។
សម្រាប់គោលដៅនៃប្រកាសនេះ បុគ្គលជាប់អាករ សំដៅដល់ ៖ ១- អ្នកជាប់ពន្ធអភិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម : ដូចមានចែង ក្នុងប្រការ ១១។
២- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន។
ការផ្គត់ផ្គង់ទំនិញទីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនូវទំនិញ ឬសេវា ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់ស្តីពីសារពើពន្ធ ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ។
សម្រាប់គោលដៅនៃប្រកាសនេះ តម្លៃជាប់អាករត្រូវកំណត់ដូចជា តម្លៃជាប់អាករនៃការផ្គត់ផ្គង់ គឺជាថ្លៃទំនិញឌីជីថល ឬសេវាឌីជីថល ដែលអ្នកលក់យកពីអ្នកទិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







