Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចម្រុះ បង្រ្កាបទីតាំងនាំសត្វជ្រូកចូលខុសច្បាប់ ពីប្រទេសថៃ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកអូរជ្រៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ និងកម្លាំងយោធាស្រុកអូរជ្រៅ និងលោកមេឃុំអូរបីជាន់ ដឹកនាំសម្របសម្រួលដោយលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ នៅវេលាម៉ោង៧និង៣០នាទី កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ បានចុះបង្ក្រាបជាក់ស្ដែងទីតាំង លួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផលមានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្ទាល់ដោយលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃនិងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះតាំ ជ័យ ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយបន្ទាយមានជ័យ ។

លោកប្រធានការិយាល័យ បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងព្រលែងសត្វជ្រូករស់ប្រមានជា៧០ក្បាលឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ០២ ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះតាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចំនួន០៩ក្បាល ។

លោកហ៊ុយ ទូច បានបញ្ជាក់ថា តាមការណែនាំពី លោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យា បាលខេត្ត រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×