ភ្នំពេញ៖ យោងតាមលទ្ធផលសិក្សាស្រាវជ្រាវស្តីពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជា បង្ហាញឱ្យឃើញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាធ្លាក់ចុះប្រមាណជិត១០% នៅត្រឹមឆ្នាំ២០៥០ (ហើយប្រមាណ២,៥% នៅត្រឹមឆ្នាំ២០៣០)។
ក្រសួងបរិស្ថាន បានផ្សាយថា ផលប៉ះពាល់ចម្បងទីមួយ គឺផលិតភាពការងារមានការធ្លាក់ចុះដោយសារតែសីតុណ្ហភាពកើនឡើង ទីពីរគឺផលប៉ះពាល់នៃព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលទៅលើគ្រប់វិស័យនៃសេដ្ឋកិច្ច និងទីបី គឺប្រាក់ចំណូលមានការធ្លាក់ចុះ ដោយសារតែការខូចខាតផលដំណាំក្នុងវិស័យកសិកម្ម ក្នុងចន្លោះរយៈពេលពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០៥០។
របាយការណ៍ក៏បានបង្ហាញផងដែរថា ការពង្រឹងគោលនយោបាយនិងការវិនិយោគបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ អាចបញ្ចៀសផលប៉ះពាល់បានច្រើនជាងពាក់កណ្តាល តាមរយៈការរួមបញ្ចូលគោលនយោបាយលើកទឹកចិត្តវិស័យឯកជនក្នុងការងារបន្ស៊ាំ ការចំណាយសាធារណៈច្រើនជាងមុនក្នុងការងារបន្សាំ និងចាត់វិធានការនានាដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធផលនិងធន់នឹងអាកាសធាតុ។
សូមបញ្ជាក់ថា របាយការណ័ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវស្តីពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជា បានផ្សព្វផ្សាយជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានមានការចូលរួមពី លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកស្រី ម៉ារីយ៉ា សាហ្គ្រេន ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា និងមន្ត្រីពាក់ព័ន្ឋជាច្រើនទៀត៕ ដោយ ៖ បញ្ញាស័ក្តិ