Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមន្ត្រីទម្លាយរឿងអាស្រូវ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ធ្វើការបកស្រាយ

spot_img

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សាយរបស់ Cambodia Express News (CEN) អំពីរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក រួមទាំងបក្ខពួកមួយចំនួនបានរងការចោទប្រកាន់ ពីមន្ត្រីសាធារណការខេត្តកំពង់ធំថា បានប្រព្រឹត្តអំពើពុករលួយ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានធ្វើការបដិសេធ និងបានបកស្រាយបំភ្លឺទាក់ទងព័ត៌មាននេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបំភ្លឺថា រថយន្តដែលដឹកជញ្ជូនទំនិញទាំងអស់ ដែលឆ្លងកាត់ភូមិសាស្ត្រស្ថានីយជញ្ជីងអចល័តប្រាសាទ ខេត្តកំពង់ធំ ត្រូវតម្រូវឱ្យចូលថ្លឹងត្រួតពិនិត្យទម្ងន់ ក្នុងករណីដែលថ្លឹងរួចរាល់ពិនិត្យឃើញថា ផ្ទុកលើសទម្ងន់កម្រិតកំណត់នោះនឹងធ្វើការផាកពិន័យ និងរើទំនិញចេញដែលមានចែងក្នុងមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារទាំងអស់នៃស្ថានីយ អនុវត្តតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តជាធរមាន ក្នុងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ប្រភពដដែលបន្តថា សម្រាប់គម្រោងស្ថាបនាផ្លូវ និងជួសជុលផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអនុវត្តទៅតាម លក្ខណៈបច្ចេកទេសទាំងស្រុង ។ គ្រប់គម្រោងទាំងអស់ មុននឹងប្រគល់ទទួល មានការចុះវាយតម្លៃពីទីប្រឹក្សាបច្ចេកទេស របស់ក្រសួងបន្ទាប់មកទើបមានការប្រគល់ទទួល ពីគណៈកម្មការអន្តរក្រសួង (ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។

ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ដែលមានការចុះផ្សាយ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ និងសូមធ្វើការកែតម្រូវព័ត៌មាន ដែលបានចុះផ្សាយប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលកំពុងតែបំពេញភារកិច្ច ជូនជាតិមាតុភូមិ ករណីនៅតែមានការចុះផ្សាយនូវ ព័ត៌មានមិនពិត មន្ទីរនឹងមានវិធានការតាមផ្លូវច្បាប់។

បើទោះបីជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានធ្វើការបំភ្លឺនិងបកស្រាយខាងលើនេះ យ៉ាងណាក៏ដោយ ក៏មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្ត ខេត្តកំពង់ធំ មួយចំនួននៅតែលួចប្រាប់ថា អ្វីដែលខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ធ្វើការបដិសេធនេះ គឺដើម្បីកុំឲ្យត្រូវមាត់ថ្នាក់លើតែប៉ុណ្ណោះ។ ហើយគេនឹងទម្លាយរឿងអាស្រូវមួយចំនួន នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីឲ្យបានដឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×