ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គូសបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ ហើយថាអាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនក្រៅពីបញ្ហារបស់មីយ៉ាន់ម៉ា ដោយសម្តេចបាន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅក្រុងព្រះសីហនុ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើន ក្នុងរយៈពេលប្រមាណជិត ៣សប្តាហ៍នេះ។ យើងមានបញ្ហាជាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចនាពេលនេះ ជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជា បានកាន់តំណែងធ្វើជាប្រធានអាស៊ាន ជាលើកទី៣។

នៅមុនមានការបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាត្រូវបានជជែកយ៉ាងផុសផុលនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមាជិកមួយចំនួនដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បានរំលឹកអំពីលក្ខខណ្ឌសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយពួកគេមិនចង់ឱ្យមានការអញ្ជើញបុគ្គល ដែលពាក់ព័ន្ធនឹងនយោបាយ ចូលរួមប្រជុំអាស៊ានឡើយ ប្រសិនបើគ្មានការវិវឌ្ឍណាមួយគួរឱ្យកត់សម្កាល់ ចំពោះការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា របៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើឱ្យទេសចររស់ឡើងវិញ នៅក្នុងបរិបទនៃកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










