Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញ យុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានប្រកាសគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចបានគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាប់បាច់ធានាឲ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជា គោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំង ជាសូចនាការគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ាន គិតគូរពិចារណា ក្នុងការសម្រួបសម្រួលលក្ខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា ទេសចរណ៍វ៉ាក់សាំង តាំងពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ ទេសចរណ៍វ៉ាក់សាំង សម្តៅដល់បុគ្គលណាម្នាក់ ដែលចង់ទៅក្រៅប្រទេស ត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលគេហៅថា ប័ណ្ណឆ្លងដែនវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញផងដែរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រសាសន៍សម្តេចកន្លងមកថា «នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ»។

សម្តេចតេជោ ហ៊ុន សែន ថែមទាំចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×