Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ានត្រូវរួមគ្នា ជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន

ព្រះសីហនុ ៖ ក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍ វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងអាស៊ាន ឱ្យកាន់តែប្រសើរឡើង ក៏ដូចជា គាំទ្រ និងលើក ទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគត និងវិបុលភាពរួម ស្របតាមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” និងឈរលើទស្សនៈវិស័យ “ការ គិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត សម្តេចនាយករដ្ឋមន្រ្តី បានចែករំលែកនូវអនុសាសន៍មួយចំនួន។

នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ ដែលកម្មវិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ, រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នអង្គការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាច្រើនទៀតផងដែរ។

តាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹងថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់កក្តីជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។
សម្តេចតេជោបានប្រកាសគាំទ្រ ក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ ដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរ មកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញ ការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។

អស់រយៈពេល ២ ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកន ចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល ។ វិបត្តិនេះ ពិតជាធ្វើឱ្យ ភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ហើយដែលថ្នាក់ដឹកនាំទេសចរណ៍ ទាំងផ្នែក រដ្ឋ ឯកជន និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍ គំរូធុរកិច្ចសមស្រប (Adaptive Business Model) ក៏ដូចជាផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុង បរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិន ជំងឺកូវីដ-១៩ ។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗនៃតម្រូវការ ក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគិតគូរ កាន់តែស៊ីជម្រៅដល់សុខភាពសាធារណៈជាសកល ។

កម្ពុជាពិតជាមានសេចក្តីសោមនស្ស ដោយបានសង្កេតឃើញការបើកប្រទេសឡើងវិញ ជាបណ្តើរៗ នៅតាមបណ្តាប្រទេសក្នុងតំបន់ និងសកលលោក និងជាពិសេស ការរួបរួមសាមគ្គីគ្ន និង ការសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក ។ ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរ ចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍ អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកប ដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រ កម្មវិធីការងារ និងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត ស្របតាមក្របខណ្ឌអាស៊ាន ស្តីពីការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ។

ដូចប្រទេសនានាលើសកលលោក កម្ពុជាក៏បានទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺ កូវីដ-១៩ បច្ចុប្បន្ន យ៉ាងធ្ងន់ធ្ងរផងដែរ ជាពិសេសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទេសចរណ៍ ស្ទើរតែកាត់ផ្តាច់ ទាំងស្រុង ។ ជាក់ស្ដែង អាជីវកម្មទេសចរណ៍ជាច្រើនត្រូវបានផ្អាកដំណើរការ បុគ្គលិករាប់ម៉ឺននាក់ បានបាត់បង់ការងារ ជំនាញ និងទេពកោសមួយចំនួនត្រូវបានបាត់បង់ ព្រមទាំងផលអវិជ្ជមានផ្ទាល់ និងមិនផ្ទាល់ ជាច្រើនផ្សេងទៀត ។

ទោះជាយ៉ាងនេះក៏ដោយ ជាមួយនឹងភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល កម្ពុជាបានគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ជាពិសេសតាមរយៈ ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំ សង្គម-សេដ្ឋកិច្ច នៅកម្ពុជា ក្នុងឆ្នាំ ២០២១ ។ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា សម្រេចបាននូវអត្រាគ្របដណ្ដប់ នៃការចាក់វ៉ាក់សាំងរហូតដល់ជាង ៨៩% និងដូសជំរុញបានជាង ២៥% នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ ។ ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជា សម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ កម្ពុជាក៏បាន បើកទទួលស្វាគមន៍ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ដោយ មិនតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផងដែរ ។

ក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលក៏សម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទន ជំងឺកូវីដ-១៩ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព សម្រាប់ឆ្នាំ ២០២១-២០២៣ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ។ ជាមួយគ្នានេះផងដែរ ក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍ វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ។

ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងអាស៊ាន ឱ្យកាន់តែប្រសើរឡើង ក៏ដូចជា គាំទ្រ និងលើក ទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគត និងវិបុលភាពរួម ស្រប តាមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” និងឈរលើទស្សនៈវិស័យ “ការ គិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត សម្តេចនាយករដ្ឋមន្រ្តី សូមចែករំលែកនូវអនុសាសន៍មួយចំនួន ដូចខាង ក្រោម៖

ទី១.ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបាន វាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ ប្រទេសទាំងអស់ ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍នឹងមាន ភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួល ដល់ការធ្វើដំណើរ ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការ ស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 / Recovery Plan for ASEAN Tourism) នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យ ដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើ គោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានា សុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន ។

ទី២.ខ្ញុំសូមគាំទ្រគំនិតផ្ដួចផ្ដើមសម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្ត វិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍ ដែលជាយន្តការចូលរួមដ៏មានសារៈ សំខាន់ ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញផង និងចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។ កម្ពុជា បច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “វិធានសុវត្ថិភាពទេសចរណ៍” (Tourism Safety Measures) និង “នីតិវិធីប្រតិបត្តិស្តង់ដា” (Standard Operating Procedures – SOP) សម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ។

ទី៣.ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ “អាស៊ានដើម្បីអាស៊ាន” (ASEAN For ASEAN) ហើយខ្ញុំសូម គាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាលើកតំបន់ ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ។ ក្នុងនាមកម្ពុជាជាប្រធាន អាស៊ាន ខ្ញុំសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាស បើកទេសចរណ៍អាស៊ានឡើងវិញ (Reopening of ASEAN Tourism) នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុ ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជា ។ គោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព” ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ “អាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព” ។ ខ្ញុំសូមអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅ ក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌនៃការ ធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុង ប្រយ័ត្នខ្ពស់។

ទី៤.រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើន ការផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាត ចីរភាព និងបរិយាប័ន្ន ។

ទី៥.អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។ ក្នុងន័យនេះ សម្តេច សូមអំពាវនាវឱ្យអាស៊ាន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP) ទាំងក្នុងប្រទេស តំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យ ទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាព របស់អាស៊ានទាំងមូល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×