កោះកុង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥ទៅ៦នាក់បានស្លាប់នៅក្នុងរថយន្ត ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ត Lexus470 បុកជាមួយរថយន្តដឹកសាំងឆេះសន្ធោសន្ធៅនោះ។
សមត្ថកិច្ចស្រុកស្រែកអំបិល ខេត្តកោះកុង បានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត Lexus-470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿងតែម្តង។
ក្រោយពេលកើតហេតុរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកជួយបាញ់ពន្លត់និងគាស់យកសពជនរងគ្រោះពី៥ទៅ៦នាក់ ដែលស្លាប់នៅក្នុងរថយន្ត Lexus-470 ៕ ដោយ ៖ បញ្ញាស័ក្តិ