Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម កុំយករូបភាពសកម្មភាពល្មើសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប រួចមកហើយ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី

បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ

ក្រុមការងារ ព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយ ព័ត៌មាន របស់អ្នកសារពត៌មានមួយចំនួន ដែលបានយករូបភាពចាស់ៗ ដែលសមត្ថកិច្ចយើងខ្ញុំធ្លាប់បានបង្រ្កាបរួចមកហើយនោះ យកមកធ្វើការចុះផ្សាយសាជាថ្មី នាំឲ្យសាធារណ:ជនមានការភាន់ច្រឡំ ។

ជាក់ស្តែង នៅប៉ុន្មានថ្ងៃ កន្លងមកនេះមានសារព័ត៌មាន មួយចំនួនបានចុះផ្សាយពាក់ព័ន្ធ នឹងការលួចលេងល្បែងស៊ីសង សង្វៀនជល់ មាន់ខុស ច្បាប់ មួយកន្លែង ស្ថិតនៅក្នុងទឹកដីភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របស់លោកឈ្មោះ គុយ ពិសិដ្ឋ ហៅ ផេ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះទៅដល់ទីតាំងនោះ ពិនិត្យឃើញថា ចំណុច ទីតាំងដែលបានចុះផ្សាយខាងលើនោះ ជាទីតាំងដែលសមត្ថកិច្ចយើងខ្ញុំ បានធ្វើការបង្រ្កាបនិងធ្លាប់ហៅម្ចាស់ទីតាំងមកធ្វើការអប់រំនិងកិច្ចសន្យារួចរាល់ កាលរយៈពេលកន្លងមករួចមកហើយ ម្ចាស់ទីតាំងឈ្មោះ ផេ ក៏បានទទួលស្គាល់កំហុសថាពិតជាបានជល់មាន់មែន តែការជល់នោះគឺជាការសាកជើងមាន់ មុនលក់ចេញព្រោះកន្លែងគាត់ចិញ្ចឹមមាន់លក់ដើម្បីផ្គត់ផ្គង់ជីវភាព។ ចំពោះរូបភាពដែលសារព័ត៌មានបានចុះផ្សាយនោះ គឺជារូបចាស់មិនមែនរូបភាពថ្មីនោះទេ បច្ចុប្បន្នទីតាំងខាងលើនេះ ពុំមានសង្វៀនជល់មាន់ទៀតឡើយ។

ទោះជាបែបណាក៏ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងសិរីសោភ័ណ ចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កំពុងស្វាយ និង ដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងខាងលើនេះ ជាប់ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងជល់មាន់ខុសច្បាប់បន្តទៀត ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត សូមអំពាវនាវដល់ អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋានជាពិសេសបង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×