Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងវិនិយោគវារីអគ្គិសនីថ្មីមួយនៅខេត្តកោះកុង តម្លៃជិត ៤០០លានដុល្លារ

ភ្នំពេញ៖ ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី នៅខេត្តកោះកុង របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ។ គម្រោងរបស់ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ នឹងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង នឹងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង។

កម្ពុជា កំពុងជំរុញការវិនិយោគវិស័យថាមពល ដែលដើរតួនាយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាជន និងតម្រូវការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១០២១មេហ្គាវ៉ាត់ កាលពីឆ្នាំ ២០២០កន្លងទៅ។ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន វិនិយោគ និងសេដ្ឋកិច្ច ការវិនិយោគបន្ថែមលើវិស័យថាមពល គឺកត្តាដ៏ចាំបាច់របស់កម្ពុជា ដែលក្នុងរួមទាំងគម្រោងវិនិយោគវារីអគ្គិសនីផងដែរ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២០ ការផលិតថាមពលក្នុងស្រុកពីប្រភពផ្សេងៗមានចំនួនសរុប ២៧១៣មេហ្គាវ៉ាត់ ក្នុងនោះថាមពលពីប្រេងខ្មៅ មាន ២០រោងចក្រ ចំនួន ២៣៦មេហ្គាវ៉ាត់, ថាមពលពីជីវម៉ាស់ ចំនួន ១១១មេហ្គាវ៉ាត់, ពន្លឺព្រះអាទិត្យ ១០កន្លែង មានចំនួន ៣៥០មេហ្គាវ៉ាត់, ធ្យូងថ្មី ៣កន្លែង ចំនួន ៦៧៥មេហ្គាវ៉ាត់ និងវារីគ្គិសនី ៩កន្លែង ចំនួន ១៣២៩មេហ្គាវ៉ាត់៕

×