Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បង្ហាញសក្ដានុពល ក្រុងព្រះសីហនុ ដោយជំរុញឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ចេញពីខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ស្ថិតក្នុងភាពជាអធិបតីនៃវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ ដែលបើកជាផ្លូវការនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅឯខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ គឺប្រកាសចេញពីទីក្រុងព្រះសីហនុ នៅថ្ងៃទី១៩ មករា នេះ, ហើយថា សម្ដេចសូមគាំទ្រពេញទំហឹង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំគាំទ្រទាំងស្រុងលើការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ខ្ញុំសូមគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍របស់អាស៊ានឡើងវិញ នៅថ្ងៃទី១៩ មករា នេះគឺប្រកាសចេញ ពីទីក្រុងព្រះសីហនុ។

បុរសខ្លាំង នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឲ្យបាននូវភាពជឿជាក់ និងទំនុកចិត្ត ថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព នោះ គឺត្រូវឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករ គោល។ យើង ក៏សូមប្រកាសសូមគាំទ្រនូវកម្មវិធី «ទេសចរណ៍វ៉ាក់សាំង» ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ «អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព»។

ជាមួយនឹងភាពជឿទុកចិត្ត និងជាសុវត្ថិភាពផងនោះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា ការដែលសម្ដេចតេជោ ហ៊ុន សែន ប្រកាសឱ្យរដ្ឋមន្ត្រីអាស៊ាន បើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ ដោយផ្ដើមចេញពីខេត្តព្រះសីហនុនេះ គឺជាការស័ក្ដិសមណាស់ ខណៈដែលទីក្រុងព្រះសីហនុ ទើបតែទទួលបានរង្វាន់ជា ទីក្រុងឆ្នើម ទីក្រុងស្អាត បៃតង របស់អាស៊ានលើកទី៣, ហើយមិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងបរិស្ថានរស់នៅល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×