ភ្នំពេញ ៖ ផ្អែកលើអាទិភាពទាំង ៣ នេះ ១. ការស្តារឡើងវិញ (Recovery), ២. ការកសាងភាពផន (Resiliency) និង៣. ការរួបរួមគ្នា(Togetherness) , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសមិទ្ធិផលសេដ្ឋកិច្ច អាទិភាព (Priority Econornic Deliverables) ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដោយផ្តោតសំខាន់លើ ការពង្រឹងសកម្មភាពរួមគ្នា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក និងឆ្ពោះទៅរក ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព និងភាពធន់ តាមរយះការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូស៊ីជម្រៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែ មករា ឆ្នាំ ២០២២, នារសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រីអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា អគ្គលេខាធិការដ្ឋានអាស៊ាន បានបន្តកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់ដំណើរការ កសាងសហគមន៍អាស៊ានកន្លងមក ក្នុងគោលដៅសម្រេចបាន នូវការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ស្ថិរភាព និងភាពធន់ក្នុងតំបន់ តាមរយៈការសម្របសម្រួល និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា ជាពិសេស ការផ្តល់ សេវាគាំទ្រដល់ប្រធានអាស៊ាន ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កាក្នុងអាណត្តិរបស់ខ្លួនជារៀងរាល់ឆ្នាំ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២ នេះ ។

ដើម្បីគាំទ្រដល់មូលបទអាស៊ានឆ្នាំ ២០២២ ស្ដីពី“អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា(ASEAN A.C.T.: Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន
១. ការស្តារឡើងវិញ (Recovery),
២. ការកសាងភាពផន (Resiliency) និង
៣. ការរួបរួមគ្នា(Togetherness) ។
ផ្អែកលើអាទិភាពទាំង ៣ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសមិទ្ធិផលសេដ្ឋកិច្ច អាទិភាព (Priority Econornic Deliverables) ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដោយផ្តោតសំខាន់លើ ការពង្រឹងសកម្មភាពរួមគ្នា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក និងឆ្ពោះទៅរក ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព និងភាពធន់ តាមរយះការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូស៊ីជម្រៅ, ការជំរុញហិរញ្ញវត្ថុ ប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការអភិវឌ្ឍតំបន់ ប្រកបដោយចីរភាព, ការជំរុញហិរញ្ញវត្ថុឌីជីថល និងការធានានូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ។

ជាទិសដៅបន្ត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើលេខាធិការដ្ឋានអាស៊ានបន្ត ផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេស ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ ការអភិវឌ្ឍតំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ។
ក្នុងន័យនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវ ប្រសិទ្ធភាពខ្ពស់នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែល្អិតរមួតបន្ថែមទៀត ដើម្បីឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរក សុខ-សន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ ២០២៥ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






