ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង សហប្រតិ បត្តិ ការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួប សម្តែង ការ គួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា ។

ឯកឧត្តម ប៊ូយ ថាញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
ក្រសួងការបរទេសបានបន្តថា ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់ ប្រជាជនទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



