រតនគិរី ៖ ករណីចាក់ដីលុបអាងស្តុកទឹកវារីអគ្គិសនីនៅស្រុកអូរជុំ ដើម្បីយកធ្វើជាកម្មសិទ្ធិ អាជ្ញាធរ និងស្ថាប័នជំនាញ ពាក់ព័ន្ធនៅមិន ទាន់មានចំណាត់ការនៅឡើយ។ ខណៈពេលដែលចាក់ដីលុបបឹង និងការរៀបចំ ជាកន្លែងអ្វីមួយនោះ កំពុងលេចចេញជារូបរាងបណ្តើៗ តាមរូបភាពលេបយកផ្ទៃបឹងរដ្ឋម្តងបន្តិចៗ។

កន្លងមកនេះ មានការចាក់ដីលុប អាងស្តុក ទឹកវារីអគ្គិសនី ដែលគេសង្ស័យថា មានអ្នកមានអំណាចនៅពីក្រោយ ដើម្បីយកដីរដ្ឋ ដែលមានតម្លៃធ្វើជាកម្មសិទ្ធិឯកជន។
ទាក់ទងរឿងនេះ អាជ្ញាធរស្រុក ថា ដីនោះមានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្ដែមន្រ្ដីសុរិយោដីថា និរាករណ៍ចោលយូរហើយ។
កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ មានគេដាក់គ្រឿងចក្រ ចូលឈូសឆាយដីរដ្ឋនៅតំបន់អាងស្ដុកទឹកវារីអគ្គិសនី (ទំនុបទឹកទី១) ក្នុងស្រុកអូរជុំជិតមួយហិកតា។
ការដាក់គ្រឿងចក្រចូលឈូសឆាយ និងដឹកដីលុបអាងស្ដុបទឹកនោះ គេបានធ្វើសកម្មភាព ទៅដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណា ទៅហាមឃាត់ឡើយ គឺគេលុបផ្ទៃទឹកបឹងនោះ ឱ្យក្លាយជាដីគោក និងមានទំហំជិតមួយហិកតា ត្រៀមធ្វើសំណង់រឹងមាំនៅលើដីនោះតែម្ដង។

លោក ធូ ឃឿ អភិបាលស្រុកអូរជុំ បានបញ្ជាក់ថា គេឈូសឆាយដីចំណីបឹងនោះ ដោយសាគេមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ធ្វើកាលពីជំនាន់ឯកឧត្ដមសើយ កែវ នៅម្លេះ តែលោកមិនបានបញ្ជាក់ពីឈ្មោះ អ្នកដែលកាន់កាប់ដីនោះទេ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ដីដែលមើលទៅឃើញលយចូលផ្ទៃអាងស្តុកទឹក ជាងមួយរយម៉ែត្រនោះ គេមិនបានចាក់លុបឡើយ គឺជាដីកំណើតពីធម្មជាតិទេ។ តែបើយើងមិនឈូសរៀបចំ ឱ្យស្អាតទេ វានៅតែជាដីព្រៃដដែលហ្នឹង។
លោកកែង ជឿន ប្រធានការិយាល័យភូមិបាលស្រុកអូរជុំ បាននិយាយឱ្យដឹងថា ដីនោះមានប័ណ្ណសម្គាល់កម្មសិទ្ធិ ចេញដោយនាយកដ្ឋានសុរិយោដី តែលោកមិនបានដឹងថា មានទំហំន្មានម៉ែត្រការ៉េទេ គ្រាន់តែដឹងថានៅជាប់បឹងធម្មជាតិ។ តែក្រោយមកប័ណ្ណនោះ ក៏បាននិរាករណ៍ចោលហើយ ដីនោះបច្ចុប្បន្នមិនមានប័ណ្ណកាន់កាប់ ទៅលើបុគ្គលណាមួយឡើយ។
មានអ្នកខ្លះថាបើមានបុគ្គលណាថ្លើមធំ ហ៊ានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រៅពីអភិវឌ្ឍន៍ដល់រដ្ឋនោះ គឺជាការរំលោភបំពានលើច្បាប់ហើយ។

ប្រធានភូមិបាលស្រុកអូរជុំ បានបញ្ជាក់ទៀតថា ក្រោយមានការចុះធ្វើប្លង់ដី ជាប្រព័ន្ធដីនោះ មិនត្រូវបានចេញប័ណ្ណឱ្យកាន់កាប់ទៀតឡើយ ដោយសារដីនោះ មានទំនាស់ជាមួយអង្គភាពអគ្គិសនី (EDC) មិនទាន់បានដោះស្រាយបញ្ចប់។
លោកហេង ពិសិដ្ឋ ប្រធានអង្គភាពអគ្គិសនីខេត្ដរតនគិរី មិនអាចសុំការពន្យល់ជុំវិញរឿងនេះបានទេ។
លោកញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី បានបញ្ជាក់ថា ដីនៅតំបន់អាងស្ដុកទឹកអូរជុំហ្នឹង គឺលោកធូ ឃឿ អភិបាលស្រុកអូរជុំ ជាអ្នកគ្រប់គ្រង ហើយគាត់ចង់ចូលកាន់កាប់ដី ដែលលយចូលក្នុងអាងស្តុបទឹកនោះ តែខាងអង្គភាពអគ្គិសនីខេត្ដជំទាស់។
ក្រោយមកត្រូវបានដោះស្រាយបញ្ចប់ទំនាស់រួចហើយ ដោយលោកធូ ឃឿ បញ្ឈប់ការទាមទារដី ដែលលយចូលទៅក្នុងផ្ទៃអាងទឹកនោះ។
ជាក់ស្តែងយើងមើលឃើញ ចាក់ដីលុបបឹងនៅអូរជុំនោះ ក៏មិនទាន់កាយចេញវិញដែរ នៅដដែល។ ថ្មីៗនេះឮថាខេត្ដ សុំឱ្យខាងមន្រ្ដីអគ្គិសនី ជួយសម្រួលដីនោះ ដើម្បីបានបុគ្គលមានឥទ្ធិលសង់ផ្ទះ នៅលើដីក្បែរមាត់ទឹកបឹងអូរជុំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





