ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២នេះ បានចេញសេចក្ដីសង្ខេបពិសេស ច្បាប់វិនិយោគថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដល់វិនិយោគិន ក្នុងការស្វែងយល់ជាបីភាសា។
កម្ពុជាបានអនុម័តច្បាប់ស្តីពីវិនិយោគ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណង បង្កើតនូវក្របខ័ណ្ឌគីតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន ដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរឬបរទេស ក្នុងប្រទេសកម្ពុជា។

ច្បាប់ស្ដីពីវិនិយោគមានវិសាលភាពអនុវត្តចំពោះរាល់គម្រោងវិនិយោគដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ហៅកាត់ថា “គ. ល. គ.” គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណះ សម្បត្តិគ្រប់គ្រាន់ហៅកាត់ថា “គ. ព. គ. ល. គ. និង គម្រោងវិនិយោគដែលទទួលបាន ត្រឹមតែការធានាលើការវិនិយោតហៅកាត់ថា “គ. ធ.វ.” ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឬ នៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
ការលើកទឹកចិត្តវិនិយោគ ៖ ច្បាប់នេះផ្តល់ការលើកទឹកចិត្តវិនិយោគ លើវិស័យ និងសកម្មភាពសំខាន់ៗ តាមរយៈយន្តការនៃការលើកទឹកចិត្តផ្នែក ពន្ធជាមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។

ការធានាវិនិយោគ ៖ កញ្ចប់មួយនៃវិធានការការពារ (ការធានា) ត្រូវបានផ្តល់ជូនវិនិយោគិន និងទ្រព្យសម្បត្តិរបស់ពួកគនៅក្នុង ច្បាប់ ដើម្បីធានាសុវត្ថិភាពនិងស្ថិរភាព។
បបបទនីតិវិធី ៖ ការណែនាំជាមូលដ្ឋានចំពោះទិដ្ឋភាព បច្ចេកទេសដែលមានចែងក្នុងច្បាប់ថ្មី រួមមានដូចជា ការស្នើសុំចុះបញ្ជី និង ការផ្ទេរនូវតម្រោងវិធីយោតជាដើម។
ច្បាប់ស្ដីពីវិនិយោគបង្កើតឱ្យមាននូវក្របខ័ណ្ឌច្បាប់ថ្មី ដែលមានលក្ខណៈអំណោយផល ដល់ការវិនិយោគ ជាពិសេសបង្កើតនូវក្របខ័ណ្ឌ លើកទឹកចិត្តវិនិយោគដ៏សំខាន់មួយ សម្រាប់ វិស័យ និងសកម្មភាពវិនិយោគចំនួន ១៩ រួមទាំងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ការគ្រប់គ្រងនិងការពារបរិស្ថាន ប្រសិទ្ធផលថាមពល ទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឡូជីស្ទីក និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ ។ល។ ច្បាប់នេះត្រូវបានរំពឹងថា នឹងបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា ក្នុងស្មារតីនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច គាំទ្រនវានុវត្តន៍ និងជំរុញការស្តារសេដ្ឋកិច្ច ឡើងវិញ ក្នុងដំណាក់កាលនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

















