ភ្នំពេញ ៖ ធនាគារពិភពលោក កាលពីថ្ងៃទី១៨មករា បានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួន ៦៩,២៥លានដុល្លារអាមេរិក ដែលក្នុងនោះមានអំណោយពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ (Clobal Partnership for Education/GPE) ផង ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ក្នុងការទទួលបានការ អប់រំជាមូលដ្ឋាន និង ក្នុងការឆ្លើយតបឱ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។

កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់ចំនួន ៦០លានដុល្លារអាមេរិក ដែលធនាគារពិភពលោកនឹងផ្តល់ជាឥណទានតាមរយៈ សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និងចំនួន ៩,២៥លានដុល្លារអាមេ រិកទៀត ដែលជាជំនួយឥតសំណងពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ ។
ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណងជួយកម្ពុជាក្នុងការឈានទៅសម្រេចចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការ អប់រំ ឆ្នាំ២០១៩-២០២ I (Education Strategic Plan/ESP 2019-2023)។ ចក្ខុវិស័យនោះគឺឆ្ពោះទៅ “បង្កើត និង អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង សីលធម៌ល្អ ដើម្បីអភវិឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជា មូលដ្ឋាន”។
ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តលៃលករកដំណោះស្រាយដល់បញ្ហា ប្រឈមធំពីរ គឺ ការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និង វិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន ក្នុងនោះ រួមមានការអប់រំសម្រាប់ក្មេងតូច, ការអប់រំកម្រិតបឋម និងការអប់រំកម្រិតមធ្យមសិក្សាចំណេះទូទៅ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ ដូច្នេះថា៖ “កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើននៅក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាន នៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង កុមារមានពិការ ភាព។ ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលារៀនត្រូវបានបិទ ទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាង មុតមាំថា តម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និង ស្តារការអប់រំឱ្យកាន់តែមានភាពប្រសើរឡើងវិញ ថែមទៀត។
លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិនៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ មាន ប្រសាសន៍ដូច្នេះថា៖ ” ការផ្ដល់ជំនួយហិរញ្ញវត្ថុនេះគឺចំពេលដ៏សំខាន់ ក្នុងខណៈដែលរុសបំប្លែងនៃកូវដ-១៩ កំពុងបង្កផលប៉ះ ពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។ យើងសង្ឃឹមថា ជំនួយទាំងនេះនឹងជួយកម្ពុជាឱ្យបន្តពង្រីកលទ្ធ ភាពក្នុងការទទួលបានការអប់រំបកបដោយគុណភាព និង ធានាយ៉ាងណាឱ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និង ទទួលចំណេះដឹងផង។”

គម្រោងនេះមានសកម្មភាពធំៗ ដូចជា ការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្ដល់ការអភិវឌ្ឍសមត្ថភាពរបស់គូ បង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀនឱ្យប្រសើរឡើងថែមទៀត។ គម្រោងនេះមានការសាងសង់ និង ស្តារជួសជុលឡើងវិញនូវអគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តា លគ្រូ និងសាលាអប់រំពិសេស ហើយនិងតម្រូវការទិញគ្រឿងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការ ភាព រាប់ទាំងការវាយតម្លៃលើសភាពនៃពិការភាពនីមួយៗផង។ ក្រៅពីនេះ គម្រោងនៅមានការសាកល្បងកម្មវិធីអប់រំបច្ចេក វិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតសាស្ត្រ។
គោលដៅមួយក្នុងចំណោមគោលដៅនានារបស់គម្រោងនេះ គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារទូទៅនៅក្នុង ប្រព័ន្ធអប់រំទាំងមូល តាមរយៈការកសាងសមត្ថភាពជាតិសម្រាប់កម្មវិធីកែទម្រង់វិស័យអប់រំ, ការរៀបចំយុទ្ធសាស្ត្រឡើងវិញ សម្រាប់អនុវិស័យ, និងការត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើជាអាជីព។ គម្រោងក៏មានគោលដៅមួយទៀតក្នុងការ ជួយសម្រួលដល់ការរៀបចំផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០២៤-២០២៨ និងការរៀបចំឱ្យមាន “វេទិកាឧត្តមានុវត្ត” ប្រចាំ ឆ្នាំក្នុងវិស័យអប់រំផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា