Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាលើកដំបូង អ្នកសារពត៌មាន ទទួលបានការបណ្តុះបណ្តាលលើ មូលដ្ឋានគ្រឹះ នៃវិសយ័ធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ:សមាគមធនាគារនៅកម្ពុជា ,សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជាបាន រៀបចំវគ្គបណ្តុះបណ្តាល អ្នកសារពត៌មានលើ មូលដ្ឋានគ្រឹះ នៃវិសយ័ធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាជាលើកដំបូង។ វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័នរាជធានីភ្នំពេញ។

ការបើកវគ្គបណ្តុះបណ្តាលអ្នកសាពត៌មាន លើមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានេះ ក្នុងគោលបំណងបង្កើន ការយល់ដឹងជា មូលដ្ឋាននៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើនទំនាក់ទំនង រវាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាមួយ សមាគមអ្នកសារពត៌មាន។ ផ្តើមពីនោះអ្នកសារពត៌មាននឹង ទទួលបានការយល់ដឹង បន្ថែមទៀតពីវាក្យស័ព្ទ ក្នុងវិស័យធនាគារ រួមទាំង តួនាទីនៃធនាគារជាតិនៃ កម្ពុជា និងសមាគមធនាគារ សមាគមមី ក្រូហិរញ្ញវត្ថុ នៅកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗទាក់ទង នឹងវិសយ័ធនាគារនិងហិរញ្ញវត្ថុផងដែរ។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មិនគ្រាន់តែលើកដំបូងសម្រាប់ អ្នកសារពត៌មានប៉ុណ្ណោះទេ តែវាមានសារសំខាន់ណាស់សម្រាប់អ្នកសារពត៌មានដែលកំពុង បំពេញ ការងារពត៌មាន លើវិស័យ សេដ្ឋកិច្ច។

លោកប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដែលឆ្លើយតបបានទៅនឹងបរិបទអន្តរជាតិ ដែលប្រធានបទសេដ្ឋកិច្ច ជាពិសេសវិស័យធនាគារនិងហិរញ្ញវត្ថុកំពុងនាំមុខគេ ហើយដែលទាមទារឱ្យអ្នកសារព័ត៌មាននៅកម្ពុជាពង្រឹងចំណេះដឹងលើផ្នែកនេះ។

លោក ប៉ែន បូណា បានជំរុញឱ្យអ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ យកចិត្តទុកដាក់លើបទបង្ហាញរបស់បណ្តាវាគ្មិនជំនាញដែលចែករំលែកចំណេះដឹងផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកនេះ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី០១ ដែលសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល និង ការប្រគួតប្រជែងនេះឡើង។ លោក ប៊ុន យីន ឱ្យដឹងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មាន ៣សំខាន់ ៖

១) បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ ។

២) លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកំពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។

៣) ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលបានសម្ពោធ និង ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងលើកកម្ពស់ការយល់ដឹងបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់មិត្តអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែកឲ្យការផលិតមាតិការ មិនថាជាទម្រង់អត្ថបទសសេរ សំឡេង ឬវីដេអូ ទៅតាមបរិបទនៃការរីកលូតលាស់របស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានបង្ហាញជំនឿថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ នឹងដើរតួនាទីក្នុងការផ្សារភ្ជាប់បន្ថែមនូវទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ ក៏ដូចជាចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាគុណប្រយោជន៍ក្នុងការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើដល់មិត្តអ្នកអាន អ្នកទស្សនា និងសាធារណៈជនទូទៅ។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបានសម្តែងការកោតសរសើរចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយក៏សូមថ្លែងអំណគុណដល់អ្នកសារព័ត៌មានដែលចំណាយពេលចូលរួមនាពេលនេះ។លោក គិត សុវណ្ណារិទ្ធ បន្តថាស្របគ្នានឹងការរីកចម្រើនដ៏រហ័សនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ក៏មានបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស ការកើនឡើងនៃអ្នកជំពាក់បំណុល ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ ឆ្លើយតបនឹងបញ្ហានេះ លោក គិត សុវណ្ណារិទ្ធ សង្កត់ធ្ងន់ថា គឺការអប់រំ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកសារព័ត៌មានអាចធ្វើរឿងនេះបានតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន។

ក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះ ចែកចេញជា ៣ផ្នែករួម មាន ៖
ផ្នែកទី១ រៀន រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ (រៀនតែ មួយព្រឹកក្នុងមួយថ្ងៃ) ។ បន្ទាប់មកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នឹងបន្តរៀនមួយព្រឹកទៀត ដើម្បីស្វែងយល់អំពីប្រក្រតីភាព បទពិសោធន៍ និង មេរៀនពីកូវីដ១៩។

ផ្នែកទី ២ គឺនៅថ្ងៃទី២៧ -២៨ ខែមករា ឆ្នាំ២០២២ សិក្ខាកាមនឹងត្រូវចូលថ្នាក់បន្តកា សិក្សាមួយព្រឹកទៀត ដែលនឹង ត្រូវស្វែងយល់អំពីការបង្កើតមុំនៃអត្ថបទពត៌មាននិង បញ្ហាផ្សេងៗទៀតទាក់ទងវិសយ័ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ផ្នែកទី ៣ ជាកម្មវិធីចុងក្រោយគឺនៅថ្ងៃទី១៨-១៩ ខែ កុម្ភៈ ឆ្នាំ២០២២ នឹងមានរៀបចំដំណើរទស្សនកិច្ច របស់សិក្ខាកាមទៅកាន់ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីស្ថានភាព ជីវភាពនិងអ្វីដែលគ្រឹស្ថាន ធនាគារ និង ហិរញ្ញវត្ថុផ្តល់សេវា និងជួយឲ្យ សហគមន៍មានភាពល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

×