ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងកីឡាអូឡាំពិក កម្ពុជាបាននិងកំពុងការពារស្មារតីអូឡាំពិក រក្សាភាពបរិសុទ្ធនៃចលនាអូឡាំពិក គាំទ្រការរួបរួមនិងមិត្តភាព ហើយប្រឆាំងនឹងចលនាបំបែកបំបាក់និងនិន្នាការប្រឆាំងស្មារតីអូឡាំពិក។ យើងនឹងបន្តប្រឆាំងរាល់ទម្រង់នៃនយោបាយនីយកម្មអូឡាំពិក និងនយោបាយនីយកម្មកីឡា ហើយយើងទន្ទឹងរង់ចាំជោគជ័យទាំងស្រុងនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលប្រទេសចិនជាម្ចាស់ផ្ទះ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាលើកទី២ ស្តីពីការផ្លាស់ប្តូរនិងការស្វែងយល់ពីអារ្យធម៌រវាងគ្នា ដោយមានការចូលរួមពីសំណាក់អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានសភាតំណាងប្រជាជនចិន រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងភាគីពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិនថា ប្រទេសកម្ពុជានិងចិន មានប្រវត្តិទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរមានវប្បធម៌ និងអារ្យធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យទាក់ទងគ្នាដោយមេត្រីភាពរវាងប្រទេសទាំងពីរ មានប្រវត្តិជាង១០០០ឆ្នាំមកហើយ។ ចម្លាក់លើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ ចាប់តាំងពីឆ្នាំ១៩៥៨ មក ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ ដែលជានិច្ចកាល កម្ពុជានិងចិនតែងតែគាំទ្រគ្នាទៅវិញទៅមក ហើយមានកិច្ចសហការល្អ។
កំណាព្យបុរាណចិនមួយឃ្លាពោលថា «ភ្នំទាំងឡាយទោះនៅឆ្ងាយពីគ្នា តែស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀងរួមគ្នា ដូច្នេះ យើងនៅឃ្លាតឆ្ងាយពីគ្នាយ៉ាងម៉េចកើត បើយើងទទួលពន្លឺព្រះចន្ទតែមួយ?» ដូចគ្នានឹងប្រជាជនកម្ពុជាតែងនិយាយថា យើងត្រូវរួមវាសនាជាមួយគ្នា ព្រោះយើងរស់ក្រោមដំបូលមេឃតែមួយ ស្រូបយកខ្យល់អុកស៊ីសែនពីលំហអាកាសតែមួយ និងផឹកទឹកទន្លេមេគង្គ ជាមួយគ្នា។
ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធ កម្ពុជានិងចិនបានបង្កើតនិងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដែលឆ្លងកាត់ការសាកល្បងនិងការលំបាកផ្សេងៗជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ បង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជានិងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងលើគ្រប់វិស័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

