ភ្នំពេញ ៖ «សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណា ក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។

ឯកឧត្តមបានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស ឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។
សូមជម្រាបថា អមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលក្រុង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




