ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្ដារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាទទួលជួប និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (The EU-ASEAN Business Council “EU-ABC”) ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២, នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឌុបនាយករដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាតុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការ សម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេស ការពាំនាំនូវសំណូមពរពីវិស័យឯកជន និងអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគោល នយោបាយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន ។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី ៣ របស់អាស៊ាន (បន្ទាប់ពីចិន និងអាមេរិក) ដោយគ្របដណ្តប់ប្រមាណ ១០.៦% នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន និងជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំទី ៣ ជាមួយនឹង រំហូរ FDI សរុបចំនួន ៧. ៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តវិធានការអន្តរាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិងនីកូវី១៩ ជាពិសេស គឺការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក ។
លោក Chris Humphrey ក៏បានគូសបញ្ជាក់ អំពីការប្ដេជ្ញារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២។
គាំទ្រសម្រាប់ការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុង អំឡុងពេលកម្ពុជាជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាននេះផងដែរ ។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមប្រឹក្សាតុរកិច្ចអាស៊ាន-អឺរ៉ុប ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន ១. ការស្តារឡើងវិញ (Recovery), ២. ការកសាងភាពធន់ (Resiliency) និង ៣ ការរួបរួមគា្ន (Togetherness) សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់ មូលបទរួមរបស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT Addressing Challenges Together) ។ ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្ដារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើរបៀបវារះសំខាន់ៗផ្សេងទៀតដែលអាចពិភាក្សាសម្រាប់កិច្ច ប្រជុំអាស៊ាន ដូចជា ការបន្តរៀបចំ ASEAN Tzonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុង ការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគួរខ្ពស់ទៅលើការកាត់បន្ថយហានិភ័យពីការប្រែប្រួល អាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ ជាដើម ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់ក្រុម ប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-AEC) សម្រាប់ការផ្ដល់កិច្ចសហការ និងការគាំទ្រដល់ការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ដ្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅ កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងជាពិសេសការផ្តល់ហិរញ្ញប្បទានប្រកបដោយ ដោយចីរភាពក្នុងតំបន់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




