ភ្នំពេញ ៖ ក្នុងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ជាបន្តបន្ទាប់ត្រូវបានសហគមន៍អន្តរជាតិគាំទ្រ ជឿទុកចិត្តសមត្ថភាពរបស់កម្ពុជាក្នុងដំណោះស្រាយវិបត្តិរបស់អាស៊ាន និងបញ្ហាតំបន់, ក្នុងជំនួបជាមួយ លោក គ្រីស ហូមហ្វ្រី នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង គ្រីស ហូមហ្វ្រី តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ចំពោះការគាំទ្រនេះ លោក គ្រីស ហូមហ្វ្រី ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នោះ បានសន្យាថានឹងចូលរួមកិច្ចពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអំឡុងចុង ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងជំនួបពិភាក្សានេះទៀត លោក គ្រីស ហូមហ្វ្រី បានប្រកាសគាំទ្រកម្ពុជាក្នុងការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន។

ពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប វិញ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអឺរ៉ុប, ជាពិសេស ការពាំនាំនូវសំណូមពរពីវិស័យឯកជន និងអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគោលនយោបាយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





