ខ្ចីម៉ូតូឪពុកជិះចេះតែយកទៅបង្ហោះ ឪពុកមិនឱ្យ ខ្លាចបង្ហោះមានគ្រោះថ្នាក់ កូនប្រុសខឹងពេកទាញពូថៅកាប់ម៉ូតូខូច៣គ្រឿង រួចគេចខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសជាកូនចិត្តខ្លាំង។ នេះបើតាមការដឹងពីលោកអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី៣១តុលា។
នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ថ្ងៃទី៣០តុលា២០១៧ មានករណីហិង្សាក្នុងគ្រួសារ កូនប្រុសបានពូថៅកាប់វាយបំផ្លាញម៉ូតូចំនួន៣គ្រឿង ដោយសារខឹងឳពុកមិនឲ្យជិះដើរលេង ។ កើតហេតុនៅថ្ងៃទី២៩តុលា២០១៧វេលាម៉ោង៩.២០នាទីនៅចំណុច ភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ្ម សនច្រូច ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកជនសង្ស័យ ។ ចំណែកជនសង្ស័យ ឈ្មោះ សន-បូរី ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូនបង្កើតជនរងគ្រោះ។ ជនបង្កត្រូវឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឳពុក។ វត្តុតាងចាប់យក ពូថៅដៃ១ ផ្លែដែកដងឈើមានប្រវែង ០,៣៥ ម៉ែត្រ ។ សម្ភារៈខូចខាតមានម៉ូតូចំនួន៣គ្រឿង។ ១-ម៉ូតូម៉ាកគុបជ្រុងបែកកុងទ័រនិងចង្កៀងមុខ។ ២-ម៉ូតូម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បែកកុងទ័រនិងបែកក្បាំងមុខ។ ៣-ម៉ូតូម៉ាកHONDA សេ១២៥ សេរីឆ្នាំ២០១១ពណ៌ខ្មៅ បែកកុងទ័រ ចង្កៀងមុខក្បាំងមុខនិងស្តុបមុខ ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យជាកូនបាន ទារយកម៉ូតូទៅជិះលេងទាត់បាល់ តែជនរងគ្រោះជាឪពុកមិនអោយ ព្រោះខ្លាចជិះម៉ូតូបង្ហោះមានគ្រោះថ្នាក់ ក្រោយពេលជនរងគ្រោះ ហាមមិនអោយយកម៉ូតូជិះ ជនសង្ស័យជាកូន បានខឹងហើយបានយកពូថៅដៃមកវាយម៉ូតូទាំង៣គ្រឿងដែលទុកនៅក្រោមផ្ទះ បណ្ដាលអោយខូចខាត។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។
ករណីខាងលើនេះប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៥.៣០នាទី ក្នុងថ្ងៃ-ខែ-ឆ្នាំដដែល រួចបញ្ជូនខ្លួនរួមទាំងវត្តុតាង ទៅផ្នែកជំនាញ ធ្វើទៅតាមនីតិវិធី ៕ ដោយ៖ជាលី