Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការអាស៊ាន គាំទ្រ និងជំរុញអាទិភាពកម្ពុជា ជាប្រធានអាស៊ាន ធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការថ្មីៗ

ភ្នំពេញ ៖ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងនាមរូបលោកជាអគ្គលេខាធិការអាស៊ាន បានត្រៀមលក្ខណៈរួចរាល់ក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានារបស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនអាស៊ាន។

ការលើកឡើងបែបនេះ របស់អគ្គលេខាធិការអាស៊ាន ធ្វើឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយបញ្ជាក់អំពីលទ្ធផលនៃជំនួបផ្សេងៗរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបទ្វេភាគី រវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក លឹម ចុក ហ៊ុយ គឺ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ថាតើ ត្រូវធ្វើយ៉ាងណាដើម្បីជំរុញកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានគូសបញ្ជាក់ថា បញ្ហាប្រឈមចម្បងៗ ដែលអាស៊ានកំពុងជួបប្រទះ នោះ គឺ ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ , ការប្រកួតប្រជែងរវាងមហាអំណាចធំៗ , បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា។

លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានបង្ហាញនូវទឹកចិត្ត និងភារកិច្ចថា រូបលោកនឹងរិះរកវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN