រឿងរ៉ាវទាត់ឆ្កែប៉ុន្មានថ្ងៃមុននេះ ឃើញថាបានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម នេះក៏ដោយសារតែម្ចាស់ឆ្កែស្រឡាញ់សត្វឆ្កែ ដ៏ជ្រួសហួសហេតុ ព្រោះគ្រាន់តែរឿងឆ្កែខ្លួនដែលរត់ស្ទុះទៅព្រូសរកខាំប្តីប្រពន្ធ២នាក់ ខណៈកំពុងដើរតាមផ្លូវ ហើយនៅពេលនោះបុរសជាប្តីទាត់១ជើងប៉ុណ្ណឹងសោះ ផ្ទុះកំហឹងនាំគ្នាស្រែកញ៉ែតៗសឹងហក់ចង់ស៊ីសាច់ប្តីប្រពន្ធនោះដូចឆ្កែដែរ។
ពិតណាស់ ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនសឹង៩៩% បានធ្វើការរិះគន់យ៉ាងចាស់ៗដៃតែម្តង។ ក្នុងនោះ អ្នកខ្លះសូម្បីដាក់ធ្ងន់ៗថា ម្ចាស់ឆ្កែថោកទាបជាងឆ្កែទៀត ឆ្កែខ្លួនរត់មករកអ្នកថ្មើរជើងមុន ទើបប្តីរបស់គាត់ទាត់បែបនេះ ហើយនៅមានមុខចំទាលញ៉ែតៗដាក់គេទៀត, ស្រលាញ់ឆ្កែ តែមិនស្រលាញ់កិតិ្តយសសោះ ព្រោះតែម្ចាស់ម្ចាស់ឆ្កែខ្វះការយល់ដឹង។
ទាក់ទងរឿងដ៏ក្តៅគគុកនេះផងដែរ បុរសម្នាក់ដែលធ្លាប់រឿងដូចប្តីប្រពន្ធនោះ បានចេញវីដេអូប្រាប់ឲ្យដឹងថា ខណៈគាត់កំពុងដើរកាត់មុខផ្ទះមួយ នៅពេលនោះ ស្រាប់តែសត្វឆ្កែផ្ទះនោះ រត់ហេស្ទុះមករកខាំគាត់ ហើយដល់ពេលវាចូលមកដល់ គាត់ក៏យកជើងទាត់វា ព្រោះថា បើមិនការពារជាមុន នោះវាអាចនឹងខាំមើលមិនឃើញនោះទេ។ ហើយបន្ទាប់ពីគាត់ទាត់រួច ក៏ស្រាប់តែម្ចាស់ឆ្កែចេញមកស្រែកឡើងដ៏ហួសចិត្តថា គ្រាន់តែសត្វសោះ ក៏ទាត់ដែរ។
តាមរយៈវីដេអូនេះ គាត់ក៏សូមផ្តាំទៅម្ចាស់ឆ្កែនោះថា «អ្នកឯងចិញ្ចឹមឆ្កែ គឺត្រូវតែដឹងថា ឆ្កែជាសត្វមួយវាអត់ដឹងអីទេ កាលណាឃើញមនុស្សប្លែកមុខ គឺវាដេញខាំហើយ អុីចឹងបើអ្នកឯងជាមនុស្សគ្រាន់បើជាងឆ្កែ អ្នកឯងចិញ្ចឹមឆ្កែ គឺត្រូវចិញ្ចឹមឲ្យត្រឹមត្រូវ ដោយដាក់វានៅក្នុងរបងផ្ទះ ឬមួយក៏ដាក់ច្រវ៉ាក់ ហើយបើមិនធ្វើអុីចឹងទេ ពេលដែលអ្នកឯងឲ្យវាចេញមកក្រៅ គឺអ្នកឯងត្រូវមើលថែវាឲ្យបានល្អ ហើយបើអ្នកឯងអន់ជាងឆ្កែ មើលឆ្កែមិនបាន១០០%ទេ នៅពេលដែលខ្ញុំការពារខ្លួនខ្ញុំ អ្នកឯងកុំមកស្តីបន្ទោសខ្ញុំ ម៉េចជីវិតខ្ញុំអត់សមនឹងឆ្កែអ្នកឯងមែន! ចុះបើឆ្កែខ្ញុំខាំអ្នកឯងវិញ ហើយអ្នកឯងទាត់ឆ្កែខ្ញុំៗ ស្តីឲ្យអ្នកឯង តើអ្នកឯងចេះឈឺអត់ ដែលខ្ញុំឲ្យតម្លៃជីវិតអ្នកឯង មិនស្មើនឹងឆ្កែខ្ញុំ!? ហើយខ្ញុំសូមបងប្អូនជួយស៊ែរវីដេអូននេះ បានដល់អាម្ចាស់ឆ្កែភ្លើហ្នឹងផង ដើម្បីឲ្យវាឃើញ វាគិតពិចារណាឡើងវិញថា ជីវិតខ្ញុំមិនមែនអន់ជាងឆ្កែវា១ក្បាលទេ ទោះបីជាឆ្កែវាតម្លៃ ៥០០ ១០០ ដុល្លារ ក៏ដោយ គឺវាគ្រាន់តែជាឆ្កែ១ក្បាល វាមិនអាចប្រៀបនឹងមនុស្សបានឡើយ… ហើយបើវាបានឃើញវីដេអូនេះ វាចង់ប្តឹង ខ្ញុំចាំទទួល…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








