ករណីក្មេងស្ទាវបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ បើទោះជាសមត្ថកិច្ចបានធ្វើការបង្រ្កាបយ៉ាងណា ក៏ពួកគេហាក់មិនខ្លាចញញើតឡើយ និងផ្ទុយទៅវិញ គឺកាន់តែផ្គើនដោយនាំគ្នាបង្ហោះម៉ូតូយ៉ាងគឃ្លើន ជាពិសេសនៅទីកន្លែងដើរលេង ឬ នៅលើដងផ្លូវសាធារណៈក្នុងទីក្រុង។
ជាមួយគ្នានេះ មហាជនបានលើកឡើងថា ប្រហែលដោយសារការដាក់ទណ្ឌកម្មរបស់សមត្ថកិច្ច តាមរយៈដូចជាការបញ្ជាឲ្យកាន់កង់ម៉ូតូលោតអង្កក់ជើង១ និងកោរសក់ក្បាល ជាដើម ហាក់នៅមានកម្រិត ទើបបានជាពួកគេនៅតែព្រហើនបង្ហោះម៉ូតូបង្អួត ដោយមិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃឡើយ។
ដោយឡែក ថ្មីៗនេះ ក្រុមជើងខ្លាំងបង្ហោះម៉ូតូដែលមានរហ្សនាម ក្រុម៤៩ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ហើយ បន្ទាប់ពីពួកគេបានបង្ហោះម៉ូតូយ៉ាងប្រសាច នៅតាមបណ្តោយផ្លូវ២១ ទួលក្រសាំង កាលពីពេលកន្លងទៅនេះ។
តែទោះយ៉ាងណា តាមរយៈរូបភាព នោះសមត្ថកិច្ចពុំបានដាក់ទណ្ឌកម្មអ្វីទៅលើពួកគេធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែចាប់កោរសក់ក្បាល និងឲ្យដោះកង់ម៉ូតូលើកបង្ហាញ ថាថ្ងៃមុខថ្ងៃក្រោយ កុំឲ្យអ្នកដទៃយកគំរូមិនល្អនេះតាមពួកគេប៉ុណ្ណោះ មុនអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនេះផងដែរ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញហើយ ក៏បានដាក់ម្នាក់ម៉ាត់ៗថា៖ «ឲ្យសមមុខពួកអាបាតសង្គម កុំចេះតែហ៊ាន ជាមួយស្នងការខេត្តកណ្តាល, បំពេញមុខម្តាយឪណាស់ ពួកអ្ហែងអស់នេះ តើពួកគាត់ខ្លោចចិត្តយ៉ាងណា ដែលមានកូនកើតមករបៀបនេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







